ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កន្លែងភ្ញាស់មួយដែលមានស៊ុតដាយណូស័រចំនួន ២៥៦ គ្រាប់ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌាដែលនេះបង្ហាញថាដាយណូស័រទាំងនោះធ្វើសំបុកនៅជាមួយគ្នាដូចសត្វស្លាបសម័យទំនើបដែរ។
អ្នកស្រាវជ្រាវនៅទីក្រុងញូវដេល្លីបានរកឃើញទីតាំងសំបុកចំនួន ៩២ ដែលធ្លាប់ជាកម្មសិទ្ធិរបស់ដាយណូស័រឈ្មោះទីតាណូស័រ (Titanosaurs)ដែលជាក្រុមគ្រួសារដាយណូស័រកវែងដែលជាសត្វធំបំផុតមិនធ្លាប់មានពីមុនមក។
គ្របដណ្តប់លើផ្ទៃដីប្រហែល ១.០០០ គីឡូម៉ែត្រពីភាគខាងកើតដល់ភាគខាងលិច សំបុកដាយណូស័រទាំងនេះក៏ជាសំបុកធំបំផុតមួយផងដែរ ដែលមនុស្សស្គាល់ហើយបានលាតត្រដាងការយល់ដឹងថ្មីអំពីប្រភេទសត្វដ៏ធំមួយនេះ។
ឧទាហរណ៍ជាក់ស្តែង សំបុកនៅជិតៗគ្នាបែបនេះបង្ហាញថា មេបារបស់វាមិនបាននៅចាំមើលកូនរបស់វាញាស់នោះទេ នេះបើយោងតាមអ្នកជំនាញ។
នោះក៏ព្រោះតែគ្មានកន្លែងសម្រាប់ពួកវាធ្វើដូច្នេះ ហើយប្រសិនបើពួកវាធ្វើបែបនោះមែន បុរាណវិទូនឹងកត់សម្គាល់ឃើញហ្វូស៊ីលស៊ុតបែកកាន់តែច្រើនជាមិនខាន។
លើសពីនេះទៀត មិនមានកំណត់ត្រាហ្វូស៊ីលច្រើនអំពីឆ្អឹងកូនដាយណូស័រនៅក្នុងតំបន់ទេ ដែលនេះសបញ្ជាក់ថា កូនដាយណូស័របានចាកចេញពីសំបុកភ្លាមៗបន្ទាប់ពីញាស់៕
ដាយណូស័រទីតាណូស័រធ្វើសំបុកដូចបក្សីសម័យទំនើបដែរ