ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ មេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំ តាមប្រព័ន្ធ VTC ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋ ហ្វីលីពីន។ ពិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងជំនួបនេះ សមភាគី ទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន និងការភ្ជាប់ចំណងការទូតជាផ្លូវការ នៅក្នុងឆ្នាំ១៩៥៧ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទរ និង មោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និង កិច្ចសហ ប្រតិបត្តិ ការទ្វេភាគីលើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិផងដែរ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។
ផ្តើមចេញពីមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការល្អថ្នាក់ក្រសួងការពារជាតិនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើង គោកនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបាន នូវសមិទ្ធផលផ្លែផ្កាជាច្រើនលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងរវាង អង្គភាព និងអង្គភាព ជាដើម។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខា រួមគ្នា លើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃ កងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន” ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជា ការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិត កងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានា តទៅអនាគត៕សរន / N