ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ បានអនុញាតឲ្យសមាជិកសភា សាធារណរដ្ឋកូរ៉េ អគ្គលេខាធិការ ក្រុមប្រឹក្សាទឹកអាស៊ី (AWC SG), តំណាង UNDP នៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួសម និងជួបប្រជុំទ្វេភាគី ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ ហើយនឹងពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ស្តីពីបញ្ហាទឹក ថ្នាក់ជាតិ និងតំបន់អាស៊ី ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមរាជរដ្ឋា ភិបាលកម្ពុជា បានស្វាគមន៍វត្តមានរបស់លោក Jong-seong Lim សមាជិក សភា និងលោក Yong-deok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី ដោយបានថ្លែងអំណរគុណ និងកោតសរសើរ ដោយវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ជាច្រើន ដែលរាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ បាននឹងកំពុងបន្ត ជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនធានទឹក ត្រូវបានពង្រឹងពង្រីក និងធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ ហើយនឹងបន្តកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងល្អ ជាប្រវត្តិសាស្ត្រ យូរលង់ណាស់ មកហើយ ឲ្យកាន់តែល្អប្រសើរ និងកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសជាមួយ K-Water, K-Eximbank/EDCF, Koica, AWC, Korea Environment Industry and Technology Institute, KMI & KMA ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសមិទ្ធផល និងការងារដែលក្រសួង សម្រេចបាននិងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារ ចំពោះមុខ ក្នុងក្របខណ្ឌវិស័យ ធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយ នូវបញ្ហាប្រឈមនៃ ការបម្រែបម្រួលអាកាសធាតុ សំដៅធានាបាននូវសន្តិសុខទឹក សម្រាប់បំពេញ តម្រូវការប្រើប្រាស់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។

លោក លឹម គានហោ ក៏បានសំណូមពរដល់ភាគីកូរ៉េ ឲ្យជួយដល់ក្រសួងធនធានទឹក និងឧតុនិយម លើមូលដ្ឋានបច្ចេកទេស ប្រព័ន្ធផ្កាយរណប, ឧតុនិយម និងជលសាស្ត្រ និងការបណ្តុះបណ្តាលធនធានមនុស្ស ។

លោក Jong-seong Lim បានបង្ហាញនូវសេចក្តីរីករាយ ដែលបានជួប ពិភាក្សាការងារ ដោយផ្ទាល់ជាមួយ លោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្ត ក្នុងបេសកកម្ម រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច ប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត។
សម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នាពេលកន្លងមក ប្រទេសកូរ៉េ បានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍវិស័យធនធានទឹក និងបានផ្តល់ភាព វិជ្ជមានជាច្រើន ដល់ការអភិវឌ្ឍរបស់កម្ពុជា ហើយលោកថា នឹងពាំនាំនូវសំណូមពរ ខាងលើ ជូនដល់រាជរដ្ឋាភិបាលកូរ៉េ និងបានបញ្ជាក់ថា ចំពោះអនាគតប្រទេសកូរ៉េ នឹងធ្វើការជាមួយគ្នា ពាក់ព័ន្ធនឹងវិស័យធនធានទឹក ពុំមែនសម្រាប់តែកម្ពុជាទេ គឺនៅក្នុងប្រទេសអាស៊ីទាំងមូល ។

រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ បាននឹងកំពុងដំណើរការប្រតិបត្តិការ លើគម្រោង អភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រ និង កាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ គម្រោងសិក្សាសមិទ្ធិលទ្ធភា ពព្រែកនាល ក្នុងខេត្តស្វាយរៀង គម្រោងសិក្សាសមិទ្ធិលទ្ធភាព 4P-IWRM ព្រែកគ្រៀល ព្រែកព្រះ ព្រែកកាំពី និងព្រែកទេរ ក្នុងខេត្តក្រចេះ, គម្រោងសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ផែនការមេគ្រប់គ្រងទឹក និងប្រព័ន្ធជូនដំណឹងស្ទឹងសែន ក្នុងខេត្តកំពង់ធំ, គម្រោងសិក្សាសមិទ្ធិលទ្ធភាព នៃការរៀបចំផែនការមេ ការគ្រប់គ្រងទឹកចម្រុះរបស់ អនុអាងទន្លេមេគង្គទាំង៥ ក្រុមនៅកម្ពុជា ប្រព័ន្ធទទួលរូបភាពពីផ្កាយរណប ឧតុនិយមកូរ៉េ និងទើបបានតម្លើងរួចរាល់ នូវស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ២៧ កន្លែង នៅលើបណ្តារាជធានី ខេត្តចំនួន ១១ ៕ V / N