ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការ នៅប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

(រូបថតឯកសារ)

ក្រសួងការបររទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថាៈ លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបជាមួយលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម នាពេលបច្ចុប្បន្ន នឹងត្រូវលើកយកមកពិភាក្សា។

ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញមានជំនួប ដាច់ដោយឡែកពីគ្នា ជាមួយសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា និងសមាគម ជប៉ុន-កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជប់លៀង រំលឹកខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលរៀបចំឡើង នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងតូក្យូ ផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ថាៈ ដំណើរទស្សនកិច្ចរបស់លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខនេះ នឹងបន្តការប្តេជ្ញា ចិត្ត យ៉ាងមោះមុតរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបាន ដំឡើង នាពេលថ្មីៗនេះ សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក នៃប្រទេសទាំងពីរ៕/V/srn