ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ក្នុងកំលុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៣នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិងលោក យូអេណូ អាត្សូស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន និងបានចែករំលែកការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងប្រទេសទាំងពីរ។

ប្រភពក្រសួងការបរទេសបានបញ្ជាក់ថាក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្រ្តីបានរំលឹកឡើងវិញដោយក្តីសោមនស្ស
រីករាយអំពីការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់នានា នៅក្នុងឆ្នាំ២០២២ រួមមាន ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា (FUMIO Kishida) សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន លោករដ្ឋមន្រ្តីការបរទេសហាយ៉ាស៊ី អ៊ីយូស៊ីម៉ាសា( HAYASHI Yoshimasa) លោករដ្ឋមន្រ្តីការពារជាតិ អ៊ីយ៉ាស៊ូកាហ្សូ ហាម៉ាដា(YASUKAZU Hamada) និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងទ័ពជើងគោកជាដើម។

លោកឧបនាយករដ្ឋមន្រ្តីមានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថាមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេស ទាំងពីរ នៅតែរឹងមាំ និងបន្តរីកចំរើន ទោះបីជាមានជំងឺរាតត្បាត កូវីដ-១៩ ក្តីដូចដែលបានបង្ហាញឱ្យឃើញ តាមរយៈការស្តារពាណិជ្ជកម្មឡើងវិញយ៉ាងរឹងមាំ ជិតដល់កម្រិតមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ការវិនិយោគដ៏រឹងមាំ កិច្ចសហប្រតិបត្តិការយោធាដែលត្រូវបានពង្រឹង និងការបន្តការគាំទ្ររបស់ជប៉ុននៅលើគ្រប់វិស័យ។

ប្រភពក្រសួងការបរទេសបញ្ជាក់ទៀតថា លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតជប៉ុនបានកត់សម្គាល់ដោយ ក្ដីពេញចិត្តចំពោះការដំឡើងទំនាក់ទំនងទ្វេភាគី ពី «ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការដែលបានផ្តល់ មកកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់វ៉ាក់សាំង ចំនួន ១,៣ លានដូស ព្រមទាំងឥណទានសម្បទានចំនួន ៤១៦ លានដុល្លារអាម៉េរិក សម្រាប់ការស្ដារ ឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ-១៩ របស់កម្ពុជា និងសម្ភារៈវេជ្ជសាស្ត្រ ដទៃទៀត។លោកឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះការឆ្លើយតបភ្លាមៗរបស់ប្រទេសជប៉ុនក្នុងការគាំទ្រដល់គោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតជប៉ុនបានពិភាក្សាអំពីមធ្យោបាយនានាក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ វប្បធម៌ ចំណងរវាងប្រជាជននិងប្រជាជន និងទេសចរណ៍ជាដើម។

លោកឧបនាយករដ្ឋមន្ត្រីនិងឯកអគ្គរាជទូតជប៉ុនក៏បានចែករំលែកយោបល់ក្នុងការជំរុញការចាប់ផ្ដើមឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីជំរុញវិស័យទេសចរណ៍។ទាំងលោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូតជប៉ុន បានពិភាក្សាគ្នាអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែលក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តីនឹងមានជំនួបជាមួយលោក រដ្ឋមន្ត្រីការបរទេសជប៉ុន HAYASHI Yoshimasa បន្ទាប់មកអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចផ្លូវការរៀបចំដោយ សមភាគីជប៉ុនរបស់លោក(លោក ប្រាក់ សុខុន)។លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ រៀបចំឡើងនៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងតូក្យូ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត UENO Atsushi ក៏បានផ្លាស់ប្តូរទស្សនៈ គ្នាផងដែរ អំពីការវិវត្តក្នុងតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្នខណៈដែលលោកឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីការកោតសរសើររបស់ជប៉ុនចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ប្រកបដោយជោគជ័យនិងការខិតខំប្រឹងប្រែងរបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីវិញ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែង អំណរគុណប្រទេសជប៉ុន សម្រាប់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ផងដែរ៕សរន