ដោយ:ពៅនិមល/ភ្នំពេញ៖ខណៈនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីសលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) និងជំរុញកិច្ចការដែលនៅសេសសល់ផ្សេងទៀត។

ប្រភពក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបលោក ថានី អាម៉េត អាយហ្ស៉ីយូឌី (Thani Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមជាថ្មីម្តងទៀតនិងចំពោះឱកាសដែលភាគីទាំងពីរអាចពិនិត្យ លើវឌ្ឍនភាពដែលសម្រេចបានក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កន្លងមក។

ប្រភពដដែលបន្តថាក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីបានលើកឡើងពីលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំចរចាជុំទី១នៅអេមីរ៉ាតអារ៉ាប់រួម ក្នុងខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ ជាក់ស្តែង ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមកដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងទៀតថានៅក្នុងកិច្ចប្រជុំនេះដែរភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍បញ្ចប់ការចរចានៅជុំទី៣ ក្នុងប្រទេសអារ៉ាប់រួម នៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនា នៅភ្នំពេញ ដែលក្នុងពេលជាមួយគ្នានោះដែរលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមនឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា។

បន្ថែមពីនេះទៀតលោកក៏បានសង្កត់ធ្ងន់ថាការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រកទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញនិងសេវាកម្មការបង្កើនលំហូរនៃការវិនិយោគការបង្កើតការងារនិងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែច្រើនឡើង។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រី បានអបអរសាទរដល់រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៤ខាងមុខនេះ។ លោកបានបង្ហាញការគាំទ្រចំពោះការធ្វើជាម្ចាស់ផ្ទះនេះ និងជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម នឹងជំរុញការដឹកនាំពាណិជ្ជកម្មសកលឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់តួនាទីដ៏សំខាន់នានាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយផ្អែកលើវិធានច្បាថាប់ជាមូលដ្ឋាន៕


ជំនួបរវាងលោក ប៉ាន សូរស័ក្តិ និងលោក Thani Ahmed Al Zeyoudi) នៅប្រទេសស្វីស(រូបភាព៖ក្រសួង)