ដោយៈ សុវណ្ណកុម្ភៈ/ភ្នំពេញៈ លោក ម៉ុង គឹមហេង រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកយុវជន គិរីសួគ៌ ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ម៉ុង គឹមហេង បានមានប្រសាសន៍ថា នៅសល់តែ ១០៥ ថ្ងៃទៀតប៉ុណ្ណោះដែលព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ យើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំនឹងមកដល់ នោះគឺការប្រកួត SEA GAMES លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សារនេះចង់រម្លឹកក៏ដូចជាពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក កីឡាករជម្រើសជាតិ ទាំងអស់ កុំឲ្យភ្លេចខ្លួនថា យើងកំពុងតែមានបេសកកម្មរួមមួយដ៏មានតម្លៃជាប្រវត្តិសាស្ត្រ ហើយមិនអាចកាត់ថ្លៃបានសម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង។
លោករដ្ឋលេខាធិការបានបន្តថា «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេ ជោ ហ៊ុន សែន លោកតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនីយើង ជាពិសេសសម្តេចលោកនឹងផ្តល់កិត្តិយសដ៏ឧដុង្គឧត្តមបំផុត អនុញ្ញាតដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីយើង ក្នុងជំនួបជាមួយសម្តេច នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ» ។
ចំពោះក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមសែនសុខឈ្នះមេដាយមាស ៣ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមសម្បតិ្តមុន្នីឈ្នះមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមក្រសួងការពារឈ្នះមេដាយមាស ១ គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមតាឡីឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង៕/R