ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីអាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩មករាថា នាយក CIAលោក វីលលៀម បឺន (William Burns)បានធ្វើទស្សនកិច្ចនៅទីក្រុងគៀវកាលពីសប្តាហ៍មុនដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងឧទាហរណ៍ចុងក្រោយបំផុតនៃទំនាក់ទំនងកម្រិតខ្ពស់រវាងសហរដ្ឋអាម៉េរិកនិងអ៊ុយក្រែន។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា លោកបឺនបានសង្កត់ធ្ងន់លើ “ការបន្តគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន”សម្រាប់អ៊ុយក្រែននៅក្នុងសង្គ្រាម។ លោកបឺនក៏បានជួបជាមួយមន្ត្រីចារកម្មអ៊ុយក្រែនផងដែរ។
នាយក CIA បានរាយការណ៍ជូនលោកហ្សេលេនស្គីម្តងហើយម្តងទៀតមុនពេលនិងចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅដោយបានប្រគល់ជូនការរកឃើញរបស់ចារកម្មអាម៉េរិកអំពីផែនការនិងចេតនាសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ។
សង្គ្រាម ដែលចាប់ផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជិតឈានចូលឆ្នាំទីពីររបស់ខ្លួនហើយ ដែលបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងមិនមានដំណោះស្រាយច្បាស់លាស់នៅឡើយទេ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៀបនឹងបញ្ជូនជំនួយ ២,៥ ពាន់លានដុល្លារផ្សេងទៀតឱ្យទៅអ៊ុយក្រែន រួមទាំងរថពាសដែក Stryker ជាលើកដំបូងផងដែរ។
កិច្ចប្រជុំរបស់លោកបឺនជាមួយលោកហ្សេលេនស្គីត្រូវបានរាយការណ៍ដំបូងគេដោយកាសែត Washington Post ។
នាយក CIAបានប្រាប់កាសែត PBS NewsHour កាលពីខែមុនថា អ្នកវិភាគទីភ្នាក់ងារ CIA បានព្យាករណ៍ឃើញ “ការបន្ថយល្បឿនប្រយុទ្ធគ្នារវាងយោធាទាំងពីរ នៅពេលដែលរដូវរងាឈានចូលមកដល់”។
លោកបឺន អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំទីក្រុងមូស្គូ បាននិយាយថា “ខ្ញុំមិនបានមើលស្រាលសូម្បីម្តងចំពោះបន្ទុកនិងបញ្ហាប្រឈម ដែលសង្គ្រាមនេះបានបង្កឡើងសម្រាប់អ៊ុយក្រែននិងសម្រាប់យើងទាំងអស់គ្នាដែលគាំទ្រអ៊ុយក្រែន។ ប៉ុន្តែតាមយុទ្ធសាស្ត្រ ខ្ញុំគិតថា ទោះតាមវិធីណាក៏ដោយ អ្នកដឹងទេ រហូតមកដល់ពេលនេះ សង្គ្រាមរបស់ពូទីនគឺជាបរាជ័យសម្រាប់រុស្ស៊ី”៕
នាយក CIA លោក វីលលៀម បឺន