ដោយ: បូកគោ/កំពត: វិស័យគ្រប់គ្រងទឹកស្អាតក្នុងខេត្តកំពតមានពីរផ្នែកគឺអង្គភាពរដ្ឋាករទឹក និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន១៩មូលដ្ឋានដែលមានសមត្ថភាពផលិតបាន៤៩.១០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ មន្ត្រីជំនាញកំពុងខិតខំជំរុញលើការងារពង្រីកបណ្តាញ និងផលិតបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកសុខ គឹមជឿន ប្រធានមន្ទីរឧហ្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន វិស័យទឹកស្អាតក្នុងខេត្តកំពតមានភាពរីកចម្រើនជាលំដាប់។ ក្នុងខេត្តមានគ្រឹះស្ថានផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋមួយគឺអង្គភាពរដ្ឋាករទឹក និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន១៩មូលដ្ឋានគ្របដណ្តប់លើពីរក្រុង និងប្រាំពីរស្រុក ស្មើនឹង ៧៣ឃុំ-សង្កាត់ដែលអាចផលិតទឹកបាន៤៩.១០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋដែលទទួលបានទឹកស្អាតប្រើប្រាស់មានចំនួន៣១.៧២៥គ្រួសារ ស្មើនឹង៦០,៩៥ភាគរយនៃតំបន់សេវាគ្របដណ្តប់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតឲ្យបានគ្រប់គ្រាន់តាមតម្រូវរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគក្នុងខេត្តនៃតំបន់សេវាគ្របដណ្តប់ អង្គភាពរដ្ឋាករទឹកកំពុងពង្រីកសមត្ថភាពផលិតប្រមាណ១៨.២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃបន្ថែមទៀត។ សម្រាប់សេវាទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ក្នុងខេត្តកំពុងផ្គត់ផ្គង់ចំនួន១៤.៦៣៧គ្រួសារ ស្នើនឹង ៨៦ភាគរយក្នុងតំបន់សេវាកម្ម។
លោកសុខ គឹមជឿនបានបន្តថា ចំពោះអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជនទាំង១៩មូលដ្ឋានបានគ្របដណ្តប់លើចំនួន១៦.៩២០គ្រួសារ ស្មើនឹង៤៨,៧០ភាគរយ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងជំរុញការងារផលិត និងផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ៕/R