ប្រែសម្រួលៈបំណង(cgtn)៖ រដ្ឋាភិបាលអាម៉េរិកកំពុងជួបវិបត្តិកំរិតខ្ចីប្រាក់ ហៅថាពិដានបំណុល។ក្រសួងរតនាគារអាម៉េរិកកំពុងលៃលករកប្រាក់ដើម្បីរក្សាអោយរដ្ឋាភិបាលនៅដំណើរការនិងជៀសវាងការខកខានក្នុងការបំពេញកាតព្វកិច្ចបំណុលរដ្ឋ នេះបើតាមរដ្ឋមន្ត្រីរតនាគារអាម៉េរិកលោកស្រី ចាណេត យេលឡិន(Janet Yellen)។
តែវិធានការរបស់ក្រសួងរតនាគារអាម៉េរិកនឹងគ្រាន់តែជួយសម្រួលការងារបានបួនប្រាំខែទៅមុខ ហើយបើសិនជាពិដានបំណុលនេះមិនត្រូវបានដំឡើងទេ រដ្ឋាភិបាលនឹងអស់លុយចាយវាយនោះផលវិបាកយ៉ាងណានោះគ្មាននរណាអាចទាយបានទេ។
ពិដានបំណុលជាកំរិតព្រំដែនមួយដែលរដ្ឋាភិបាលអាម៉េរិកអាចខ្ចីប្រាក់មកបង់ការចំណាយដូចជា សន្តិសុខសង្គម គំរោងសុខាភិបាលនិងប្រាក់ខែសំរាប់អ្នករដ្ឋការ។
កំរិតបច្ចុប្បន្នឡើងដល់៣១,៤ទ្រីលានដុល្លារ ហើយវិធានការលៃលករបស់ក្រសួងងរតនាគារនឹងអាចដោះស្រាយបញ្ហាបានត្រឹមថ្ងៃ៥មិថុនា ដូច្នេះសភាត្រូវបោះឆ្នោតដំឡើងពិដានបំណុលនេះក្នុងរង្វង់ប្រាំមួយខែទៅមុខដើម្បីបញ្ចៀសការខកខានបំពេញកាតព្វកិច្ចបំណុល។
តែពួកអ្នកវិភាគបានព្យាករណ៍ថា សេដ្ឋកិច្ចអាម៉េរិកនឹងរីកចំរើនកាន់តែយឺតឬគាំងដែលនឹងប៉ះពាល់ពេលដែលសភាត្រូវចរចាដើម្បីបង្កើតកិច្ចព្រមព្រៀងថ្មី។
សេតវិមានកំពុងអំពាវនាវអោយសភាដំឡើងកំរិតខ្ចីប្រាក់នេះដោយគ្មានលក្ខខណ្ឌ និងនិយាយថាខ្លួននឹងមិនធ្វើសម្បទានឬចរចាលក្ខខណ្ឌណាមួយស្តីពីការបង្កើនពិដានបំណុលនេះទេ។នៅពេលពួកសាធារណរដ្ឋក្នុងសភាគាំទ្រការកាត់បន្ថយចំណាយ អ្នកខ្លះកំពុងបារម្ភថា សភាដែលបែកបាក់មួយនឹងពិបាកស្វែងរកកិច្ចព្រមព្រៀងណាមួយលើបញ្ហានេះ។
រដ្ឋមន្ត្រីរតនាគារអាម៉េរិកបានព្រមានថា ការខកខានរបស់រដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួននឹងប៉ះពាល់សេដ្ឋកិច្ចអាម៉េរិក ការរស់នៅរបស់ប្រជាជននិងស្ថិរភាពហិរញ្ញវត្ថុសកលព្រមទាំងកេរ្តិ៍ឈ្មោះ(ក្រេឌីត)របស់អាម៉េរិក។
សូមបញ្ជាក់ថា ពិដានបំណុលនេះត្រូវបានដំឡើងប្រមាណ៨០លើកមកហើយចាប់តាំងពីទសវត្សរ៍១៩៦០។ការសំរេចបានការដំឡើងជាថ្មីឬអត់មិនត្រូវបានធានាទេ និងថាតើបរាជ័យក្នុងការបំពេញកាតព្វកិច្ចបំណុលនឹងប៉ះពាល់សេដ្ឋកិច្ចអាម៉េរិកកំរិតណានោះក៏គ្មាននរណាអាចប៉ាន់ស្មានបានដែរ៕