ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ក្រុមហ៊ុន Microsoft Corp កាលពីថ្ងៃពុធទី១៨មករាបាននិយាយថា ខ្លួននឹងលុបបំបាត់ការងារចំនួន ១០.០០០ និងសន្សំសំចៃប្រាក់ចំណូល ១,២ ពាន់លានដុល្លារ ខណៈអតិថិជនដែលប្រើប្រាស់សេវា Cloud-computing របស់ខ្លួនវាយតម្លៃការចំណាយរបស់ពួកគេឡើងវិញ ហើយក្រុមហ៊ុនកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច។
ការបញ្ឈប់ការងារនេះបានបន្ថែមពីលើការបញ្ឈប់បុគ្គលិករាប់ម៉ឺននាក់ដែលបានប្រកាសក្នុងប៉ុន្មានខែថ្មីៗនេះនៅទូទាំងវិស័យបច្ចេកវិជ្ជា ដែលបានធ្លាក់ចុះបន្ទាប់ពីមានកំណើនស្ទុះខ្លាំងក្នុងអំឡុងជំងឺរាតត្បាត។
ដំណឹងនេះកើតឡើង សូម្បីតែក្រុមហ៊ុនបង្កើតសូហ្វវែមួយនេះគ្រោងនឹងបង្កើនការចំណាយលើបញ្ញាសិប្បនិមិត្ត (AI)ដែលឧស្សាហកម្មនេះមើលឃើញថាជាចំណុចភ្លឺស្វាងថ្មី។
នៅក្នុងកំណត់ត្រាមួយទៅកាន់និយោជិត នាយកប្រតិបត្តិលោក សាតយ៉ា ណាឌែលឡា (Satya Nadella) បានព្យាយាមនិយាយអំពីទស្សនវិស័យផ្សេងគ្នាសម្រាប់ផ្នែកផ្សេងៗនៃអាជីវកម្ម។
លោកបាននិយាយថា អតិថិជនចង់ “បង្កើនប្រសិទ្ធភាពការចំណាយឌីជីថលរបស់ពួកគេដើម្បីធ្វើបានកាន់តែច្រើនដោយចំណាយកាន់តែតិច និង អនុវត្តការចំណាយយ៉ាងប្រុងប្រយ័ត្នខណៈផ្នែកខ្លះនៃពិភពលោកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ហើយផ្នែកផ្សេងទៀតកំពុងរំពឹងមានវិបត្តិ។ ក្នុងពេលជាមួយគ្នានេះដែរ រលកនៃសេវា Cloud-computingដ៏សំខាន់បន្ទាប់កំពុងកើតឡើងជាមួយនឹងភាពជឿនលឿននៃបច្ចេកវិជ្ជា AI”។
លោកណាឌែលឡាបាននិយាយថា ការបញ្ឈប់ការងារ ដែលប៉ះពាល់ដល់កម្លាំងការងាររបស់ Microsoftតិចជាង៥ភាគរយ នឹងបញ្ចប់នៅចុងខែមីនា ជាមួយនឹងការជូនដំណឹងចាប់ផ្តើមនៅថ្ងៃពុធ”។
ទោះយ៉ាងណា ក្រុមហ៊ុន Microsoft នឹងបន្តជួលបុគ្គលិកនៅក្នុង “ផ្នែកយុទ្ធសាស្ត្រ” ។ AI ទំនងជាផ្នែកមួយនៃផ្នែកទាំងនោះ។ លោកណាឌែលឡានៅសប្តាហ៍នេះ បានលើកសរសើរ AIទៅកាន់មេដឹកនាំពិភពលោក ដែលជួបប្រជុំគ្នានៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ដោយអះអាងថា បច្ចេកវិជ្ជានេះនឹងផ្លាស់ប្តូរផលិតផលរបស់ខ្លួននិងមានឥទ្ធិពលលើមនុស្សជុំវិញពិភពលោក៕