ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កសិករអាហ្សង់ទីនម្នាក់បានដាំរូបភាពដ៏ធំសម្បើមរបស់លីអូនែល ម៉េសស៊ី លើផ្ទៃដីទំហំ ៥០ ហិកតា ដែលអាចមើលឃើញពីទីអវកាសនៅចម្ការពោតដែលត្រូវបានរចនាយ៉ាងពិសេសដើម្បីអបអរដល់វីរភាពបាល់ទាត់ពិភពលោករបស់តារារូបនេះ។
លោក ម៉ាស៊ីមីលីយ៉ាណូ ស្ពីណាហ្សេ (Maximiliano Spinazze) បានប្រើរូបមន្តគណនាកន្លែងដែលគ្រាប់ពូជត្រូវដាំនៅក្នុងចម្ការរបស់គាត់នៅតំបន់ឡូសខុនដូរ៉េស (Los Condores) ក្នុងខេត្តខ័រដូបា (Cordoba) ភាគកណ្តាលប្រទេសអាហ្សង់ទីន។
លទ្ធផលគឺជារូបភាពដ៏ធំសម្បើមនៃម៉េសស៊ីមានពុកចង្កា ដែលមើលឃើញពីលំហអាកាស។ ការឧទ្ទិសដ៏មិនគួរឱ្យជឿចំពោះកីឡាករបាល់ទាត់ដ៏អស្ចារ្យរូបនេះបានកើតឡើងបន្ទាប់ពីរូបគេបានជួយអាហ្សង់ទីនឱ្យទទួលបានជ័យជម្នះដ៏ល្បីក្នុងវើលខាប់លើក្រុមបារាំងក្នុងប្រទេសកាតា។
លោកស្ពីណាហ្សេ កសិករដែលរំលេចចម្ការពោតចេញជារូបមិនធម្មតាមួយនេះ បាននិយាយថា “សម្រាប់ខ្ញុំ ម៉េសស៊ីគឺគ្មានអ្នកណាអាចយកឈ្នះបានឡើយ។ឥឡូវ ពួកគេជាម្ចាស់ជើងឯកពិភពលោក ខ្ញុំពិតជារីករាយដែលនេះអាចបញ្ចេញបានតាមរយៈការដាំដំណាំ”។
ប្រទេសអាម៉េរិកខាងត្បូងដែលងប់ងល់នឹងបាល់ទាត់មួយនេះគឺជាអ្នកផលិតកសិផលធំបំផុតមួយលើពិភពលោក ពោលគឺជាអ្នកផលិតពោតធំជាងគេទី៣លើសកលលោក៕
ចម្ការពោតរបស់លោកស្ពីណាហ្សេមើលឃើញជារូបម៉េសស៊ីពីលំហអាកាស