ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងប្រព័ន្ធ Volleyball Information System និង E-Scoresheet Computer Program ដល់មន្ត្រីបច្ចេកទេស នៃសហព័ន្ធ កីឡាបាល់ទះកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា​ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

លោក ស សុខា បានបញ្ជាក់ថាៈ ប្រទេសទូទាំងពិភពលោក កំពុងប្រែខ្លួនទៅជា ប្រទេសដែលហៅថា រដ្ឋាភិបាលអេឡិចត្រូនិក (E-Government) ។ ក្នុងនោះ ប្រទេសកម្ពុជាយើងផ្ទាល់ ក៏ត្រូវបានប្រកាសថា ជាប្រទេស (E-Government) ​នេះដែរ ដោយសម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់វិស័យ បានប្រែខ្លួនទៅជាការងារ ដែលនឹងពឹង ផ្អែក ភាគច្រើនក្នុងបច្ចេកវិទ្យា ​Digital នេះ។ រីឯនៅក្នុងវិស័យកីឡាកម្ពុជា ក៏មានតម្រូវការនេះដែរ ដើម្បីដើរឱ្យទាន់ និងឆ្លើយតមទៅនឹងតម្រូវការបច្ចេកទេស របស់សហព័ន្ធអន្តរជាតិនីមួយៗ និងក៏ដូចជា ត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ​២០២៣ នេះដែរ ក៏ដូចជាការប្រកួតអន្តរជាតិនានា។

លោក ស សុខា ក្នុងនាមលោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងបញ្ជាក់ដែរថាៈ យើងទាំងអស់គ្នា ជាកោសិកា នៃសហព័ន្ធកីឡាបាល់ទះ កម្ពុជា បានទទួលការបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងថ្មី ពីលោកគ្រូឧទ្ទេសកម្រិតអន្តរជាតិ មកពីសហព័ន្ធកីឡាបាល់ទះអាស៊ី គឺលោក Pavarit Dairiram​ ។

ជាមួយគ្នានេះ​ លោក ស សុខា បានផ្តាំផ្ញើដល់មន្ត្រីបច្ចេកទេសគ្រប់ផ្នែក អាជ្ញាកណ្តាល ចៅក្រម និងលេខាតុប្រកួត ត្រូវបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែម ពីបទបញ្ជាថ្មីៗ ពិសេសបច្ចេកវិទ្យាថ្មី ក្នុងវិស័យកីឡា ដើម្បីយកមកអនុវត្ត ក្នុងប្រទេសកម្ពុជា សម្រាប់ត្រៀមការប្រកួតកម្រិតជាតិ និងកម្រិតអន្តរជាតិនានា ដើម្បីជាទុនក្នុងការទទួលយកនូវភាពជាម្ចាស់ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមរបាយការណ៍របស់លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា គឺសហព័ន្ធ បានដាក់ចេញនៅទស្សនវិស័យ យ៉ាងច្បាស់លាស់ ព្រមទាំងបានរៀបចំនៅផែនការ ធ្វើកំណែទម្រង់ស៊ីជម្រៅ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជា ផ្នែកហ្វឹកហាត់របស់កីឡាករ កីឡាការិនី និងផែនការអភិវឌ្ឍន៍ ចំណេះជំនាញមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ធ្វើសកម្មភាពទំនាក់ទំនងអន្តរជាតិជាមួយបណ្ដាប្រទេសនានា ជាពិសេស សហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ សហព័ន្ធកីឡាបាល់ទះអាស៊ី និងសហព័ន្ធ កីឡាបាល់ទះពិភពលោក ក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់លោកនាយឧត្តម សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក ស សុខា អនុប្រធានសហព័ន្ធ និងជាប្រតិបត្តិករដ៏សំខាន់ ដើម្បីបង្កើតឲ្យមានការ រៀបចំព្រឹត្តិការណ៍ ប្រកួតមិត្តភាពលក្ខណៈអន្តរជាតិ ក្នុងគោលបំណងផ្លាស់ប្ដូរ បច្ចេកទេស និងទទួលបានបទពិសោធន៍ថ្មីៗ សម្រាប់អភិវឌ្ឍន៍សហព័ន្ធកីឡាបាល់ ទះកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕/V​