ដោយ:បូកគោ/កំពត៖ ក្នុងបំណងបង្កើនចំណាប់អារម្មណ៍ភ្ញៀវសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងអបអរពិធីប្រកួតកីឡាស៊ីហ្គេមលើកទៅ៣២ដែលខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសាទូកនាគនាពេលខាងមុខផងនោះ អាជ្ញាធរកំពុងមមាញឹកក្នុងកែលម្អបន្ថែមនូវសោភ័ណភាពក្រុងឱ្យកាន់តែស្រស់បំព្រង។ គ្រប់ផ្នែកពាក់ព័ន្ធកំពុងសម្រុកតាមមុខសញ្ញារៀងៗខ្លួន។ ពិសេសសកម្មភាពប្តូរកម្រាលការ៉ូឡាលើសួនច្បារឆ្នេរព្រែកកំពង់បាយមកជាប្រភេទបន្ទះថ្មម៉ាបមានគុណភាព និងសោភ័ណភាព។
លោក លាង រឿនសុធី អភិបាលក្រុងកំពតបានឱ្យដឹងថា ផ្អែកតាមការចង្អុលបង្ហាញ និងកិច្ចដឹកនាំផ្ទាល់របស់លោកម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរក្រុងបានយកចិត្តទុកដាក់ជាចម្បងលើការងារអភិវឌ្ឍនិងរៀបចំតុបតែងលម្អសោភ័ណភាពក្រុងឱ្យមានភាពទាក់ទាញជាងមុន។ ជាក់ស្តែងគម្រោងធំៗ ដូចជា ការស្ថាបនាឆ្នេរខ្សាច់កោះស្មៅ សួនកម្សាន្តក្បែរដងព្រែក ព្រមទាំងឆ្នេរព្រែកកំពង់បាយសម្រាប់ហែល និងងូតទឹកកម្សាន្ត។ការដ្ឋានទាំងនេះកំពុងដំណើរការស្ថាបនាយ៉ាងសស្រោកសស្រាំបំផុត។ លោកអភិបាលក្រុងបានបញ្ជាក់ថា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់ព្រែក ព្រមទាំងគម្រោងកែលម្អសោភ័ណភាពសួនច្បារនឹងត្រូវបញ្ចប់មុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិដើម្បីងាយស្រួលរៀបចំកម្មវិធីកម្សាន្តសប្បាយសម្រាប់ភ្ញៀវជិតឆ្ងាយ។ ម្យ៉ាងទៀត សមិទ្ធផលទាំងនេះក៏ជាផ្នែកសំខាន់សម្រាប់ចូលរួមអបអរសាទរ និងរៀបចំពិធីប្រកួតកីឡាស៊ីហ្គេមដែលខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសាទូកនាគផងដែរ។
លោក ង៉ាំ ប៊ុនតេង មេការជួសជុលសួនច្បារឆ្នេរព្រែកកំពង់បាយបានបញ្ជាក់ថា រាល់ថ្ងៃកម្លាំងរបស់លោកមានគ្នា៨០នាក់កំពុងខិតខំធ្វើដោយមិនហ៊ានសម្រាកសូម្បីថ្ងៃសៅរ៍-អាទិត្យដើម្បីឱ្យយឆាប់រួចរាល់មុនពិធីចូលឆ្នាំខ្មែរមកដល់។
លោកលាង រឿនសុធី បានបញ្ជាក់ឱ្យដឹងដែរថា ក្រុងកំពតជាក្រុងពហុវិស័យដែលមានសក្តានុពលខ្លាំងជាងគេលើវិស័យទេសចរណ៍។ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលខេត្ត អាជ្ញាធរ មន្ត្រីជំនាញ និងដោយមានការចូលរួមពីប្រជាពលរដ្ឋផងនោះ បច្ចុប្បន្នកំពតជាទីក្រុងស្អាតទទួលពានរង្វាន់រំដួលបីទង និងជាក្រុងទេសចរណ៍ស្អាតអាស៊ានផងដែរ។ នាពេលខាងមុខ ក្រុងកំពតនឹងក្លាយជាក្រុងទេសចរណ៍គ្មានផ្សេងបារីនៅកម្ពុជា៕សរន/R