ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ពួកមន្ត្រីព្រៃឈើអូស្ត្រាលី បានសម្លាប់គីង្គក់យក្សទម្ងន់២,៧គីឡូក្រាមមួយក្បាល ដែលពួកគេប្រទេសឃើញក្នុងព្រៃនៅឧទ្យានតាមឆ្នេរមួយ ។
គីង្គក់នេះត្រូវបានប្រទះឃើញក្រោយពស់មួយបានលូនកាត់ផ្លូវដោយបង្ខំអោយពួកអ្នកល្បាតព្រៃឈប់ក្នុងពេលពួកគេបើករថយន្តនៅក្នុងឧទ្យានមួយក្នុងរដ្ឋគ្វីនស៍លែន(Queensland)។
អ្នកល្បាតព្រៃ ឃីលី ហ្ក្រេយ(Kylee Gray)បាននិយាយថា «ខ្ញុំបានចុះចាប់គីង្គក់និងស្ទើរតែមិនជឿថាមានគីង្គក់ធំបែបនេះ។វាអាចស៊ីអ្វីៗចូលក្នុងមាត់របស់វា រួមមានសត្វល្អិត ល្មូននិងសត្វតូចៗ»។
សូមបញ្ជាក់ថា គីង្គក់ប្រភេទនេះត្រូវបាននាំពីទ្វីបដទៃទៅព្រលែងក្នុងរដ្ឋគ្វីនស៍លែននៅឆ្នាំ១៩៣៥ដើម្បីគ្រប់គ្រងហ្វូងសត្វអណ្តើកមាសដែលបំផ្លាញដំណាំ តែក្រោយៗមកវាបានកើនកូនពូនជាចៅបង្កផលវិបាកដ៏ហិនហោចសំរាប់សត្វព្រៃផ្សេងៗ។
គីង្គក់ទម្ងន់២,៧គីឡូក្រាម ទំហំស្ទើរស្មើក្មេងទើបកើតមួយ អាចជាគីង្គក់ធំបំផុតក្នុងលោក នេះបើតាមការអះអាងរបស់នាយកដ្ឋានបរិស្ថាននិងវិទ្យាសាស្ត្រគ្វីនស៍លែន។ដោយពណ៌នាវាជាគីង្គក់យក្ស នាយកដ្ឋានបាននិយាយថា វាអាចនឹងត្រូវនាំទៅដាក់នៅសារមន្ទីរគ្វីនស៍លែន។
ដោយសារទំហំ វាអាចជាគីង្គក់ញី។គីង្គក់ញីអាចបញ្ចេញពង៣០.០០០ក្នុងមួយរដូវ និងជាប្រភេទសត្វពុល ដែលនាំអោយសត្វស៊ីវាជាអាហារងាប់ពាយនៅគ្វីនស៍លែន៕