ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តបន្ទាយមានជ័យ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចាយកា= Jica) បានសហការគ្នា ចុះបើកយុទ្ធនាការ ស្ដីពីការលើកកម្ពស់ច្បាប់
សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃខេត្តបន្ទាយមានជ័យ ដើម្បីការគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវជាតិ បានសេចក្តីសុខ។ ពិធីនេះ ធ្វើនៅចំណុចកាច់ជ្រុង ផ្លូវវាងក្រុង ពីស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៣។

លោក គង់ ប៊ុនលឿត ប្រធានស្ដីទី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយ មានជ័យ និងមន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក គី​មករា នាយការិយាល័យ ចរាចរាណ៍ផ្លូវគោក លោកវរសេនីយ៍ទោ សួន នីប៉ូ នាយការិយាល័យរង ចរាចរណ៍ផ្លូវគោក និងមន្ត្រីក្រោមឱវាទ។

លោកវរសេនីយ៍ឯក គី មករា បានប្រាប់ឲ្យដឹងថាៈ ថ្ងៃនេះ លោក និងមន្ត្រីក្រោម ឱវាទ មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមកាងារកាកបាទក្រហម និង jica បានចុះមកផ្សព្វផ្សាយ អំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតី ដល់អ្នកបើកបរ តាមផ្លូវជាតិ។

លោកវរសេនីយ៍ឯក គី មករា បានប្រាប់ឲ្យដឹងបន្តទៀតថាៈ គ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃ នៅខេត្តបន្ទាយមានជ័យ មានមនុស្សស្លាប់ និងរបួស បណ្តាលមកពីកត្តា ជាច្រើនយ៉ាង គឺការបើកបរហួសល្បឿនកំណត់ ធ្វើឲ្យយើងបាត់បង់ម្ចាស់ការ នៅពេលដែលមានឧបស័គ្គ ដោយចៃដន្យ បើកនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន នៅពេលអត់ងងុយហេវហត់ខ្លាំង អ្នកជិះម៉ូតូពេលចេញដំណើរ អត់ពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព នៅកន្លែងផ្លូវប្រសព្វ ឬនៅលើផ្លូវ ដែលមានប្រសិទ្ធភាព បើកជែងគ្នា ដោយខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ការបត់ឆ្វេង ឬថយក្រោយ គ្មានការប្រុងប្រយ័ត្ន ជាដើម គ្រោះថ្នាក់ចរាចរណ៍នេះ កំពុងក្លាយជាបញ្ហដ៏ធំ​ដែលរដ្ឋាភិបាល កំពុងបារម្ភ។

លោកវរសេនីយ៍ឯក គី មករា បានប្រាប់ឲ្យដឹងបន្តទៀតថាៈ ក្រោយពីធ្វើការផ្សព្វ ផ្សាយ អំពីច្បាប់សំខាន់ៗ ពីចរាចរណ៍ផ្លូវគោក ដើម្បីជំនួយស្មារតី ដល់អ្នកបើកបរ តាមផ្លូវជាតិនោះ ១-អ្នកជិះកង់ ត្រូវជិះអែបកៀកខាងស្តាំដៃ, ២-អ្នកជិៈម៉ូតូ ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំឡើង ពេលបើកបរ ត្រូវពាក់មួកសុវត្តិភាពអ្នកជិះ និងអ្នករួមដំណើរ, ៣-អ្នកបើករថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ប្រុងប្រយ័ត្ន និងប្រកាន់ស្ដាំជានិច្ច, ៤-រថយន្ត ត្រូវពាក់ស្លាកលេខ ឲ្យបានត្រឹមត្រូវពិនិត្យលក្ខណៈ បច្ចេកទេស ក្នុងនោះមានកញ្ចក់មើលក្រោយ មានកង់ល្អ ហ្វ្រាំងស៊ី ចង្កូត ផ្លិតទឹក ជួតកញ្ចក់មុខក្រោយ និងកញ្ចក់ចាំងពន្លឺ ត្រូវដំណើរការ ឲ្យបានច្បាស់ល្អ។ ក្នុងនោះ ហាមផ្ទុកមនុស្ស ឬទំនិញលើសចំណុះ សំពីងសំពោង និងហាមប្រើទូរស័ព្ទ ដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ត្រូវមានបំពង់ពន្លត់អគ្គីភ័យនិងសញ្ញាត្រីកោណ ផ្ដល់ដំណឹង ត្រូវមានស្មារតីប្រុងប្រយ័ត្ន ចេះយោគយល់​អធ្យាស្រ័យគ្នា​ឲ្យបានល្អ។

សូមបញ្ជាក់ថាៈ ការធ្វើលិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូន ធ្វើនៅអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណែកការប្រឡង បើកបរ ត្រូវប្រឡង នៅមន្ទីរសាធារណការ​និងដឹកជញ្ជូនខេត្ត ការធ្វើផ្លាកលេខម៉ូតូ អាចទៅធ្វើ នៅតាមច្រកចេញចូលតែមួយ នៅតាមបណ្ដាក្រុង ស្រុក នៅមន្ទីរសាធារណការដឹកជញ្ជូនខេត្តជាដើម៕ V / N