ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី នៃប្រពៃណីចិន ឈានមកដល់ នៅតាមដងវិថីនានា ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន កំពុងដាក់លក់ជាហូរហែនូវ ផ្កាអង្គាសីល ផ្កាស្បៃរឿង ដើមក្រូចឃ្វិច ផ្លែម្នាស់ និងប្រភេទផ្កាផ្សេងៗទៀត ដែលមើលទៅ ព៌ណលឿង និងក្រហមច្រាល យ៉ាងស្រស់ស្អាត គួរជាទីទាក់ទាញអារម្មណ៍ នាចុងខែមករា ដែលជារដូវចូលឆ្នាំចិន។

នៅសល់តែ ពីរថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិន នឹងឈានមកដល់ ហើយនាពេលនេះដែរ អ្នកលក់ផ្កា និងរុក្ខជាតិលម្អនានា ក៏កំពុងលក់ដាច់ខ្លាំង ស្របនឹងបងប្អូនខ្មែរសែស្រឡាយចិន បាននាំគ្នាសម្រុកទិញ យកទៅតុបតែងលម្អ និងព្រមទាំងយកសិរីសួស្តី ក្នុងថ្ងៃចូលឆ្នាំថ្មី។

បើគេក្រឡេកមើលកន្លែង លក់ផ្កានីមួយៗ ចាប់ផ្តើមមានសកម្មភាពលក់ដូរ នូវប្រភេទផ្កាស្បែរឿង ដើមផ្កាអង្គារសីល និងប្រភេទផ្កាដទៃទៀត កាន់តែមមាញឹក។ អតិថិជនខ្លះ បានទិញដាក់រថយន្ត ម៉ូតូកង់បី និងខ្លះទៀត ដាក់តាមម៉ូតូ ទៅតាមធនធាន និងមធ្យោបាយរបស់គេ រៀងៗខ្លួន។

ដូចសព្វមួយដង នៅតាមផ្ទះសម្បែង តាមហាង និងក្រុមហ៊ុនមួយចំនួន ដែលមាន ជាប់សែស្រឡាយ ជនជាតិចិន ត្រូវបានគេដាក់តាំងលម្អ ដោយផ្កា ដើម្បីទទួលឆ្នាំថ្មី តាមជំនឿ និងភាពជឿជាក់របស់ពួកគេ រៀងៗខ្លួន។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន នាឆ្នាំនេះ នឹងប្រព្រឹត្តិទៅ រយៈពេល ៣ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ២២, ២៣ និង ២៤ មករា ឆ្នាំ២០២៣ ។ សម្រាប់ថ្ងៃទី ២១ គឺជាថ្ងៃសែនជីដូនជីតា។

អ្នកស្រី ឌឿន សោភា ដែលកំពុងឈរលក់ផ្កាដល់អតិថិជន តាមដងវិថីមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា៖ តាមធម្មតា ផ្កាសម្រាប់លម្អផ្ទះ និងក៏ដូចជា គេទិញដើម្បីសិរីសួស្តីឆ្នាំថ្មីនេះ លក់ដាច់បំផុត ក្នុងរយៈពេលចាប់ពី ៣ថ្ងៃ មុនពិធីបុណ្យចូលឆ្នាំថ្មី ឈានមកដល់។ ផ្កានាឆ្នាំនេះ គាត់លក់ដាច់គួរសម និងមកដល់ពេលនេះ លក់ដាច់ជិត មួយពាន់ដើមហើយ។

ពាក់ព័ន្ធនឹងការលក់ផ្កា នារដូវចូលឆ្នាំ ប្រពៃណីចិននេះ កញ្ញា ឯម ម៉ី ដែលកំពុងលក់ ផ្កា នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្បែរផ្សារទឹកថ្លា ស្ថិតក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា៖”ឆ្នាំនេះផ្កាព៌ណលឿង និងក្រហម លក់ដាច់ខ្លាំង ដោយសារតែគេ យកទៅតាំងលម្អផ្ទះ និងផ្កាពណ៌ក្រហម ក៏លក់ដាច់ដូចគ្នា សម្រាប់ផ្កាអង្គាសីល ក៏លក់អស់ដែរ”។

ស្រ្តីវ័យក្មេង ដែលបានលក់ផ្កាចម្រុះ រូបនេះ បានរៀបរាប់ប្រាប់ទៀតថា៖ ” ក្នុងមួយ រដូវចូលឆ្នាំចិន ខ្ញុំយកផ្កាច្រើនប្រភេទ ដូចជាស្បៃរឿង អង្គារសីល សិរមាន់ ក្រូច ចំនួនចាប់ពីជាង ១ពាន់ ដល់ ២ ពាន់ដើម។ ឆ្នាំនេះ លក់ដូចមានផ្កាប៉ុន្មាន គឺលក់អស់ៗ ពុំសល់ទេ។ ពីរថ្ងៃមកនេះ លក់ដាច់ខ្លាំង ផ្កាប្រភេទអង្គារសីល និងស្បៃរឿង លក់ដាច់ជាងគេ”។

ចំណែកអ្នកលក់ផ្កា សម្រាប់រដូវចូលឆ្នាំចិន មួយរូបទៀត លើដងផ្លូវសហព័ន្ធរុស្ស៊ី នេះដែរ ឈ្មោះ ហុន ហៀង បានប្រាប់ឱ្យដឹងថា៖ ក្នុងឆ្នាំនេះ ពួកគាត់ លក់ផ្កាដាច់ គួរសម ផ្កាយកមកប៉ុន្មាន ត្រុវបានអតិថិជន ចូលមកទិញស្ទើរអស់ៗ ធ្វើឱ្យរូបគាត់ សប្បាយចិត្តណាស់។

ស្រ្តីរូបនេះ បានប្រាប់ឱ្យដឹងដែរថា៖ សម្រាប់ឆ្នាំនេះ ផ្កាព៌ណលឿង និងក្រហម ពួកគាត់ លក់ដាច់ខ្លាំង ហើយក្នុងមួយរដូវចូលឆ្នាំចិននេះ​ គាត់លក់មិនទាបជាង ២ ពាន់ផើងឡើយ។

ដោយឡែក ស្រ្តីឈ្មោះ ចាន់ ស្រីអូន ដែលបានមកទិញផ្កា តាមផ្លូវសហព័ន្ធរុស្សី មួយរូប បានរៀបរាប់ប្រាប់ថា៖ ក្នុងពិធីបុណ្យចូលឆ្នាំចិន និងវៀតណាមនេះ គាត់មកទិញផ្កាដាក់ផ្ទះ ដើម្បីឱ្យសិរីសួស្តី ហើយគាត់តែងមកទិញ រៀងរាល់ឆ្នាំ សម្រា់បទទួលទេវតាឆ្នាំថ្មី និងក៏ដូចជា ទទួលពរជ័យ ពីទេវតាឆ្នាំថ្មី។

គួររំលឹកថា ការលក់ផ្កា នារដូវចូលឆ្នាំចិន គេឃើញ ក្នុងរយៈពេលប៉ុន្មានឆ្នាំ មកនេះ មានសភាពកើនឡើង បន្តបន្ទាប់ ហើយអ្នកមានជំនឿ ក៏ដូចជា អ្នកទិញសម្រាប់ តុបតែងលម្អផ្ទះសម្បែង តាមក្រុមហ៊ុន និងតាមបណ្តាហាងនានា ក៏មានសភាព ផុលផុស ទៅតាមជំនឿរបស់គេរៀងៗខ្លួនផងដែរ៕ V / N