ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខណ្ឌចំការមន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោក-លោកស្រី នាយក-នាយករង-នាយិការងរដ្ឋបាលខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគ ពិសេសប្រចាំខណ្ឌ, លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ/អង្គភាព ចំណុះ រដ្ឋបាលខណ្ឌទាំង១២, លោកចៅសង្កាត់ទាំង៥, លោក-លោកស្រី នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៥, លោកប្រធានមណ្ឌលសុខភាព ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ ។

កិច្ចប្រជុំខាងលើ លោកអភិបាលខណ្ឌចំការមន បានមានវិធានការមួយចំនួន ដូចជា
១-ការកំណត់ចំណុចគោលដៅពួនស្ទាក់ និងបែងចែកការទទួលខុសត្រូវ ក្នុងមូលដ្ឋាន។ ២-ការទប់ស្កាត់បទល្មើស កាត់ខ្សែភ្លើងបំភ្លឺសាធារណៈ។
៣-ការត្រួតពិនិត្យ និងពង្រឹងការងារអាជីវកម្មល្បែងផ្សងសំណាង។ ៤-ការកំណត់ គោលដៅត្រួតពិនិត្យ ការប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ។ ៥-ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងឱកាសពិធី បុណ្យឆ្នាំថ្មី ប្រពៃណីចិន ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានធ្វើពិធីប្រកាសតែងតាំងនាយករងរដ្ឋបាលខណ្ឌចំការមន ចំនួនពីររូប រួមមាន ១-លោកស្រី នី សៀវហ៊ុន ជានាយិការងរដ្ឋបាលខណ្ឌចំការមន និង ២-លោក សន ភត្រ្តា ជានាយករងរដ្ឋបាលខណ្ឌចំការមន ៕/V-PC