ដោយ: បូកគោ / កំពត: មន្ត្រីគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច បានបញ្ជាក់ថាៈ ត្រឹមពាក់កណ្តាលរដូវកាល នៃការស្នាក់នៅ វត្តមានសត្វក្រៀល ក្នុងបឹងអន្លង់ព្រីង ទើបតែមានជាង ៦០ ក្បាលប៉ុណ្ណោះ។ មុនបញ្ចប់រដូវកាល ដែលត្រូវធ្វើបម្លាស់ទី ទៅខេត្តផ្សេង ចំនួនសត្វក្រៀល អាចនឹងកើនច្រើនជាងនេះ។

លោក ឈឹម ម៉េង នាយកតំបន់ការពារបឹងអន្លង់ព្រីង នៃមន្ទីរបរិស្ថាន ខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ សម្រាប់រដូវកាលនេះ សត្វក្រៀល បានចាប់ផ្តើមចុះ នៅបឹងអន្លង់ព្រីង នាចុងខែធ្នូ ឆ្នាំ២០២២ ដោយកាលពីថ្ងៃទី៣១ មន្ត្រីជំនាញ បានរាប់ឃើញមានចំនួន ៩ ក្បាល វ័យជំទង់ ២ ក្បាល។ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បរិមាណសត្វក្រៀល បានកើនឡើងដល់ជាង ៦០ ក្បាល ហើយ។

លោកនាយកតំបន់ការពារ បានសម្តែងក្តីសង្ឃឹមថាៈ នៅមុនពេលសត្វកម្រទាំងនោះ បន្តដំណើរទៅខេត្តផ្សេង នាចុងខែកម្ភៈ ខាងមុខ លោកសង្ឃឹមថា សត្វក្រៀល អាចនឹងមានវត្តមាន ច្រើនជាងនេះ។
ដោយឡែក ក៏នៅមានសត្វអាស៊ី រាប់សិបប្រភេទទៀត ដែលកំពុងមានវត្តមាន ក្នុងដែនអភិរក្សបឹងអន្លង់ព្រីង តែមន្ត្រីជំនាញ មិនទាន់បានប៉ាន់ប្រមាណនូវចំនួន ពិតប្រាកដ នៃពពួកសត្វនីមួយៗទេ។

សូមបញ្ជាក់ថា តំបន់អភិរក្សសត្វក្រៀលបឹងអន្លង់ព្រីង មានទីតាំងស្ថិតក្នុងឃុំ បឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ក្បែរខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម។ ដើម្បីបានដល់រមណីយដ្ឋានធម្មជាតិមួយនេះ ភ្ញៀវអាចធ្វើ ដំណើរចេញពីទីប្រជុំជន ស្រុកកំពង់ត្រាច ឆ្ពោះទៅទិសខាងត្បូង ប្រមាណជាង ១១ គីឡូម៉ែត្រ។

រាជរដ្ឋាភិបាល បានដាក់បឹងអន្លង់ព្រីង ជាតំបន់អភិរក្សសត្វក្រៀល ចាប់តាំងពី ខែវិច្ឆិកា ឆ្នាំ២០១០ មកម្ល៉េះ។ បឹងអន្លង់ព្រីងជាកន្លែងដ៏សំខាន់ សម្រាប់សត្វក្រៀល ឆ្លងកាត់ និងស្នាក់នៅ ដើម្បីរកចំណីពេញមួយរដូវ ក្រោយធ្វើបម្លាស់ទី មកពីតំបន់អភិរក្ស បឹងព្រែកល្ពៅ ខេត្តតាកែវ។ បន្ទាប់ពីនោះ ហ្វូងសត្វក្រៀល នឹងធ្វើដំណើរទៅស្នាក់នៅ ខេត្តឧត្តរមានជ័យ រួចបន្តពួនសម្ងំ ក្នុងខេត្តព្រះវិហារ ដើម្បីពងកូន។ ក្រៀលជាប្រភេទសត្វ ដែលត្រូវបានកត់ត្រា ក្នុងសៀវភៅក្រហម ពិភពលោក ថាជាសត្វកម្រ និងជិតផុតពូជ នៅលើភពផែនដី៕/V-PC