ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ហ្វាំងឡង់កាលពីថ្ងៃសុក្រទី២០មករាបានប្រកាសផ្តល់ជំនួយយោធាតំលៃ៤០០លានអឺរ៉ូដល់អ៊ុយក្រែនរួមមានកាំភ្លើងធំ តែមិនមានរថក្រោះLeopardទេ។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់លោក មីកកូ សាវ៉ូឡា(Mikko Savola)បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា « អ៊ុយក្រែនបន្តត្រូវការការគាំទ្រដើម្បីការពារទឹកដីរបស់ខ្លួន»។លោកមិនបានបញ្ចេញព័ត៌មានពិស្តារអំពីជំនួយទេ តែថាវាមិនរួមមានរថក្រោះប្រយុទ្ធLeopardទេ។
វាជាជំនួយជាសម្ភារសឹកលើកទី១២របស់ប្រទេសក្នុងតំបន់ន័រឌិកនេះសំរាប់អ៊ុយក្រែន ហើយជំនួយ១១លើកកាលពីមុនមានតំលៃសរុប១០៩លានអឺរ៉ូ។
ក្រសួងការពារជាតិហ្វាំងឡង់នៅថ្ងៃនេះក៏បាននិយាយថា ហ្វាំងឡង់នឹងចុះហត្ថលេខាជាមួយស៊ុយអែតស្តីពីការគាំទ្រអ៊ុយក្រែនដើម្បីអោយប្រាកដថា ជំនួយសំរាប់អ៊ុយក្រែននឹងមិនបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិនៃប្រទេសទាំងពីរ។
កាលពីថ្ងៃព្រហស្បតិ៍ ស៊ុយអែតបានសន្យាបញ្ជូនអោយអ៊ុយក្រែននូវប្រព័ន្ធកាំភ្លើងធំArcherរបស់ខ្លួន ដែលរដ្ឋាភិបាលទីក្រុងគៀវស្នើសុំអស់ពេលរាប់ខែមកហើយ រួមជាមួយនឹងរថពាសដែកនិងកាំជ្រួចប្រឆាំងរថក្រោះ។
សម្ពាធក៏កំពុងកើនឡើងពីសម្ពន្ធមិត្តអឺរ៉ុបលើអាល្លឺម៉ង់ដើម្បីអនុញ្ញាតអោយបញ្ជូនចេញរថក្រោះLeopardរបស់អាល្លឺម៉ង់ដែលកងកម្លាំងប្រដាប់អាវុធក្នុងប្រទេសជាច្រើនលើលោកកំពុងប្រើ រួមមានហ្វាំងឡង់។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោក ប៉េកកា ហាអាវីស្តូ( Pekka Haavisto)បាននិយាយកាលពីថ្ងៃអង្គារថា «យើងសង្ឃឹមថាការសំរេចចិត្តបញ្ជូនLeopardនឹងក្លាយជាការពិតនិងហ្វាំងឡង់ត្រៀមដើរតួនាទីរបស់ខ្លួនក្នុងការគាំទ្រដំណើរការនេះ៕
ហ្វាំងឡង់ត្រៀមផ្តល់កាំភ្លើងធំCaesarទៅអោយអ៊ុយក្រែន