ដោយៈ សុផល / ភ្នំពេញ៖ លោក អូលីវ្យេ បិច Olivier Becht រដ្ឋមន្ត្រីប្រតិភូ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងអញ្ជើញមកបំពេញ ទស្សនកិច្ច នៅប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី២៤ និងថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសបារាំង និងកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ជំនួបរវាង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា នាថ្ងៃទី២០ ខែមករា នេះ។
អមដំណើរដោយគណៈប្រតិភូធុរជន ដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France លោក អូលីវ្យេ បិច នឹងជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំនយោបាយកម្ពុជា ជាច្រើនរូប រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងដំណើរទស្សនិច្ចនេះ លោករដ្ឋមន្ត្រីប្រតិភូ នឹងមានជំនួបផ្សេងៗ ជាមួយ សហគមន៍បារាំងនៅកម្ពុជា ពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក។ ប្រជាពលរដ្ឋបារាំង ចំនួន ៥ ០០០ នាក់ ដែលកំពុងរស់នៅកម្ពុជា បានចុះបញ្ជី ជាមួយស្ថានទូត។
លោក អូលីវ្យេ បិច Olivier Becht រដ្ឋមន្ត្រីប្រតិភូ នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស
សេចក្តីប្រកាសពត៌មានដដែលនេះ បានឱ្យដឹងថាៈ លោករដ្ឋមន្ត្រីប្រតិភូ នឹងចូលរួម ពិធីបញ្ចុះបឋមសិលា សាងសង់ឡើងវិញ នូវស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជន ពលីកម្ពុជា និងបារាំង នៅក្នុងសង្គ្រាមលោកលើកទី១ តាមការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តិទៅ ក្រោមវត្តមានរបស់លោកឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះ លោក អូលីវ្យេបិច នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្ត កម្មទឹកស្អាតបាក់ខែង ដែលទទួលបានហិរញ្ញប្បទាន ពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប ។ នៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុល ប្រាសាទ មេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុ ដោយប្រទេសបារាំង។
ដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេស បារាំង នៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការចូលរួមរបស់លោក ប្រធានាធិបតីបារាំង ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២ នៅកោះបាលី និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក។
អាស៊ីអាគ្នេយ៍ គឺជាតំបន់សំខាន់មួយ នៃយុទ្ធសាស្ត្របារាំង នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារតំបន់នេះ គឺជាទីតាំងរស់រវើកជាងគេបំផុត ក្នុងពិភពលោក បើនិយាយពី ទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ាន គឺជាដៃគូពាណិជ្ជកម្ម លំដាប់ទី៣ របស់សហភាពអឺរ៉ុប៕/V