​ដោយៈ បូកគោ / កំ​ពតៈ វិស័យ​ឧស្សាហកម្ម ដែល​បាននិងកំពុង​កើតមាន​បន្តបន្ទាប់ ជា​ចំណែក​សំខាន់ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ នៃ​កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល ឱ្យ​ឆាប់​បានសម្រេច​ជោគជ័យ​។ ការកើនឡើង​នូវ​ចំនួន​គ្រឹះស្ថាន​ឧស្សាហកម្ម​ធុន​ធំ សម្រាប់​ខេត្តកំពត នាពេល​បច្ចុប្បន្ន ជាការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច របស់​ខេត្ត និង​ពលរដ្ឋ​ក្នុង​តំបន់​។​

​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថាៈ កន្លងមក ទោះបី​ស្ថិតក្នុង​ដំណាក់កាល នៃ​វិបត្តិ​កូ​វីដ​-១៩ តែ​សកម្មភាព​របស់​ឧស្សាហកម្ម​ធុន​ធំ បាន​ដំណើរ​ការល្អ ដោយ​មិនមាន​អ្វី​រាំងស្ទះ​ឡើយ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២២ ឧស្សាហកម្ម​ធុន​ធំ បាន​កើនឡើង ៥ គ្រឹះស្ថាន ធៀប​ជាមួយ​ឆ្នាំ​២០១៨ និង​កើន​លើស ១​កន្លែង បើ​ធៀប​នឹង​ឆ្នាំ​២០២១ ខណៈដែល​កម្លាំង​ពលកម្ម កើន​ចាប់ពី ៨.០០០ នាក់ ដល់​ជាង ១ ម៉ឺន​នាក់ នាពេល​បច្ចុប្បន្ន​។​

​លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​ថាៈ ឆ្នាំ​២០២២ ឧស្សាហកម្ម​ធុន​ធំ សហគ្រាស ធុន​តូច និង​មធ្យម ព្រមទាំង​សិប្បកម្ម​នានា ក្នុង​ខេត្ត មាន​ប្រមាណ ២.៧០០ មូលដ្ឋាន​។ ក្នុងនោះ រោងចក្រ​ឧស្សាហកម្ម ធុន​ធំ មាន ២០ កន្លែង ក្រោម​ទុនវិនិយោគ ជាង ៩៥៩ លាន​ដុល្លារ​។​

​លោក សុខ គឹម ជឿន បាន​បន្តថាៈ ចំពោះ​សហគ្រាស​ធុន​មធ្យម មាន ២១ មូលដ្ឋាន ប្រើ​ទុនវិនិយោគ ប្រមាណ​ជាង ៨ លាន​ដុល្លារ​។ រីឯ​សហគ្រាស​ធុន​តូច មាន ២៥ កន្លែង ក្រោម​ទុនវិនិយោគ ជាង ២ លាន​ដុល្លារ​។ ចំណែក​សិប្បកម្ម ២.៦៣៤ កន្លែង ផ្សេងទៀត ប្រើ​ទុនវិនិយោគ ប្រមាណ​ជាង ៤ លាន​ដុល្លារ​។​

​លោក​ប្រធាន​មន្ទីរ បាន​រាយការណ៍​ឱ្យដឹង​ផងដែរ​ថាៈ វិស័យ​ឧស្សាហកម្ម​ធុន​ធំ ក្នុង​ខេត្តកំពត អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ មានដំណើរ​ការល្អ ដោយ​ចំនួន​កម្លាំង ពលកម្ម កើនឡើង​រាល់​ឆ្នាំ​។ សម្រាប់​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម ព្រមទាំង សិប្បកម្ម​ផ្សេងៗ បាន​រង​ផលប៉ះពាល់ បន្តិចបន្តួច តែ​ក្រោយ​បើក​ប្រទេស​ឡើងវិញ វិស័យ​ទាំងនោះ មានដំណើរ​ការល្អ គួរឱ្យ​មោ​ទក​: ។​

​លោក​សង្ឃឹមថាៈ ចាប់ពី​ឆ្នាំ​២០២៣ នេះ​តទៅ សេដ្ឋកិច្ច​ក្នុង​ខេត្តកំពត នឹង​កាន់តែ មាន​សន្ទុះ​ខ្លាំងក្លា តាមរយៈ​កំណើន​វិស័យ​ឧស្សាហកម្ម សហគ្រាស និង​សិប្បកម្ម នានា នៅ​ទូទាំង​ខេត្ត ៕/V​