កំណើនវិស័យឧស្សាហកម្មធុនធំ ក្នុងខេត្តកំពត នឹងជំរុញនូវសន្ទុះសេដ្ឋកិច្ច
ដោយៈ បូកគោ / កំពតៈ វិស័យឧស្សាហកម្ម ដែលបាននិងកំពុងកើតមានបន្តបន្ទាប់ ជាចំណែកសំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ នៃកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ឱ្យឆាប់បានសម្រេចជោគជ័យ។ ការកើនឡើងនូវចំនួនគ្រឹះស្ថានឧស្សាហកម្មធុនធំ សម្រាប់ខេត្តកំពត នាពេលបច្ចុប្បន្ន ជាការជំរុញសន្ទុះសេដ្ឋកិច្ច របស់ខេត្ត និងពលរដ្ឋក្នុងតំបន់។
លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ កន្លងមក ទោះបីស្ថិតក្នុងដំណាក់កាល នៃវិបត្តិកូវីដ-១៩ តែសកម្មភាពរបស់ឧស្សាហកម្មធុនធំ បានដំណើរការល្អ ដោយមិនមានអ្វីរាំងស្ទះឡើយ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ ឧស្សាហកម្មធុនធំ បានកើនឡើង ៥ គ្រឹះស្ថាន ធៀបជាមួយឆ្នាំ២០១៨ និងកើនលើស ១កន្លែង បើធៀបនឹងឆ្នាំ២០២១ ខណៈដែលកម្លាំងពលកម្ម កើនចាប់ពី ៨.០០០ នាក់ ដល់ជាង ១ ម៉ឺននាក់ នាពេលបច្ចុប្បន្ន។
លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ ឆ្នាំ២០២២ ឧស្សាហកម្មធុនធំ សហគ្រាស ធុនតូច និងមធ្យម ព្រមទាំងសិប្បកម្មនានា ក្នុងខេត្ត មានប្រមាណ ២.៧០០ មូលដ្ឋាន។ ក្នុងនោះ រោងចក្រឧស្សាហកម្ម ធុនធំ មាន ២០ កន្លែង ក្រោមទុនវិនិយោគ ជាង ៩៥៩ លានដុល្លារ។
លោក សុខ គឹម ជឿន បានបន្តថាៈ ចំពោះសហគ្រាសធុនមធ្យម មាន ២១ មូលដ្ឋាន ប្រើទុនវិនិយោគ ប្រមាណជាង ៨ លានដុល្លារ។ រីឯសហគ្រាសធុនតូច មាន ២៥ កន្លែង ក្រោមទុនវិនិយោគ ជាង ២ លានដុល្លារ។ ចំណែកសិប្បកម្ម ២.៦៣៤ កន្លែង ផ្សេងទៀត ប្រើទុនវិនិយោគ ប្រមាណជាង ៤ លានដុល្លារ។
លោកប្រធានមន្ទីរ បានរាយការណ៍ឱ្យដឹងផងដែរថាៈ វិស័យឧស្សាហកម្មធុនធំ ក្នុងខេត្តកំពត អំឡុងពេលវិបត្តិកូវីដ-១៩ មានដំណើរការល្អ ដោយចំនួនកម្លាំង ពលកម្ម កើនឡើងរាល់ឆ្នាំ។ សម្រាប់សហគ្រាសធុនតូច និងធម្យម ព្រមទាំង សិប្បកម្មផ្សេងៗ បានរងផលប៉ះពាល់ បន្តិចបន្តួច តែក្រោយបើកប្រទេសឡើងវិញ វិស័យទាំងនោះ មានដំណើរការល្អ គួរឱ្យមោទក: ។
លោកសង្ឃឹមថាៈ ចាប់ពីឆ្នាំ២០២៣ នេះតទៅ សេដ្ឋកិច្ចក្នុងខេត្តកំពត នឹងកាន់តែ មានសន្ទុះខ្លាំងក្លា តាមរយៈកំណើនវិស័យឧស្សាហកម្ម សហគ្រាស និងសិប្បកម្ម នានា នៅទូទាំងខេត្ត ៕/V