ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជាបានហៅការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច ទាក់ទងទៅនិងការចាប់ខ្លួនលោក ថាច់ សេដ្ឋាដែលបានប្រព្រឹត្ត ខុសច្បាប់ គឺគ្មានការទទួលខុសត្រូវនូវទង្វើដ៏គម្រក់របស់មេដឹកនាំបក្សនយោបាយរបស់ខ្លួន។ ការចាប់ខ្លួននេះ (ថាច់សេដ្ឋា)គឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេដឹកនាំគណបក្សនយោបាយ ឬជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកឡើង អត់មានការអនុគ្រោះចំពោះបុគ្គលណាម្នាក់ទេ។
លោក សួន សេរីរដ្ឋា (រូបថតឯកសារ)
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ លោកសួន សេរីរដ្ឋា បានថ្លែងប្រាប់រស្មីកម្ពុជាថា បើមើលទៅលើខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន រួមជាមួយនឹងប្រតិកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលប្រើប្រាស់អង្គការសង្គមស៊ីវិលជាកន្ទបដើម្បីគ្របដណ្តប់លើសកម្មភាពនយោបាយលាក់មុខរបស់ខ្លួនបម្រើគណបក្សនយោបាយរបស់ពួកគេនោះ ។គឺឃើញយ៉ាងច្បាស់ថា ទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គឺបានប្រតិកម្ម និងបានធ្វើសេចក្តីថ្លែងការណ៍ ទាំងមិនមានការទទួលខុសត្រូវនៅចំពោះមុខច្បាប់ និងទាំងចេតនាមិនចង់ឱ្យមានការអនុវត្តច្បាប់ស្មើភាពគ្នាចំពោះមុខច្បាប់ទេ។ ពីព្រោះករណីលោកថាច់ សេដ្ឋា នេះ គឺអត់ខុសពីករណីអ្នករកស៊ី អ្នកជំនួញជួញដូរផ្សេងៗទៀត ដែលបានបោកប្រាស់រំលោភលើសេចក្តីទុកចិត្តរបស់ដៃគូខ្លួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់ (សែកស្អុយ) សម្រាប់ទូទាត់របស់របរដែលត្រូវទិញ ឬសំណងដែលត្រូវសង។
លោកបន្តថា នៅកម្ពុជាមានករណីនេះច្រើនណាស់ដែលអ្នករកស៊ីអ្នកធុរកិច្ច អាជីវករមួយចំនួនដែលប្រើប្រាស់សែកគ្មានទឹកប្រាក់នេះ ដើម្បីទូទាត់ដោះស្រាយទិញដូរ ក៏ប៉ុន្តែដល់ពេលដែលដៃគូទទួលសែកអត់អាចបើកលុយបានគេប្តឹងដាក់គុកជាច្រើន។ នេះគឺជារឿងដែលត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នានៅចំពោះមុខច្បាប់ មិនថាអ្នកឯងជាអ្នកនយោបាយ ជាមេគណបក្សនយោបាយ ជាអ្នកណាទេ ពីព្រោះច្បាប់អត់បានលើកលែង អត់មានការអនុគ្រោះ ចំពោះបុគ្គលណាម្នាក់ទេ។ ហើយប្រព័ន្ធតុលាការដែលជាអង្គការនីតិវិនិច្ឆ័យ គឺមានកាតព្វកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពិនិត្យឃើញអង្គហេតុ និងអង្គច្បាប់ច្បាស់លាស់ គឺសម្រេចសេចក្តីទៅតាមច្បាប់ដែលបានអនុវត្ត។
លោកបានបន្តថា ផ្ទុយទៅវិញបើមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងប្រតិកម្មក្រុមអង្គការសង្គមស៊ីវិលដែលធ្វើនយោបាយលាក់មុខគាំទ្រពួកគេនោះ គឺជាក្រុមដែលមិនទទួលខុសត្រូវនូវទង្វើដ៏គម្រក់ ដ៏លាមករបស់មេដឹកនាំបក្សនយោបាយរបស់ខ្លួន ដែលពួកគេតែងតែស្រែកឱ្យរាជរដ្ឋាភិបាលពង្រឹងអនុវត្តនីតិរដ្ឋ ចង់ឱ្យរដ្ឋាភិបាលលុបបំបាត់វប្បធម៌រួចទោស។ ប៉ុន្តែនៅពេលដែលពួកគ្នីគ្នារបស់ពួកគេត្រូវជាប់ទោសគេបែរជាទាមទារឱ្យដោះលែងឱ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។ ពាក្យទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌនេះមិនមែនជាលើកទី១ទេ វាក្លាយទៅជាវប្បធម៌របស់ពួកនេះទៅហើយ ហើយឱ្យតែករណីដែលពាក់ព័ន្ធទៅនិងក្រុមរបស់ពួកគេបើទោះបីជាមានភស្តុតាង មានឯកសារ បទល្មើសជាក់ស្តែងរំលោភច្បាប់ បំពានច្បាប់ ធ្វើខុសច្បាប់ គឺគេតែងតែយកវប្បធម៌ទាមទារឱ្យដោះលែងដោយគ្មានលក្ខខណ្ឌយកមកស្រែកបន្តគ្នាបន្ទរគ្នា ដើម្បីដាក់បន្ទុក ឬគាបសង្កត់មលរាជរដ្ឋាភិបាល ដើម្បីកុំឱ្យរាជរដ្ឋាភិបាលអាចអនុវត្តច្បាប់ដែលសភាអនុម័តបាន ហើយកុំឱ្យតុលាការអនុវត្តនីតិវិធីទៅរួច នេះជាចរិតវប្បធម៌របស់ពួកគេដែលតែងតែលើកឡើងដដែលៗបែបនឹង។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានអះអាងថា “រឿងនេះគឺជារឿងបុគ្គលសុទ្ធសាធ អត់មានពាក់ព័ន្ធរឿងនយោបាយទេ ថ្វីត្បិតបុគ្គលនោះគឺជាអនុប្រធានរបស់គណបក្សនយោបាយ ជាអ្នកនយោបាយ ក៏ប៉ុន្តែរឿងដែលទិញដូរគេហើយចេញសែកអត់លុយ ។សែកស្អុយ ហើយមិនព្រមដោះស្រាយ មិនព្រមបង់លុយបង់កាក់ឱ្យគេ គឺជារឿងបុគ្គលសុទ្ធសាធដែលមិនមានការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ អីចឹងច្បាប់ត្រូវតែអនុវត្តឱ្យស្មើភាពគ្នា មិនថាអ្នកឯងជាអ្នកនយោបាយ មិនចំពោះថាអ្នកឯងជាអ្នកណាទេ ហើយកុំនិយាយលើកឡើងថា រឿងនឹងកើតឡើងយូរហើយ រឿងជំពាក់លុយគេអត់សងនេះ មិនមែនយូរហើយត្រូវបំភ្លេចចោលទេ យូរហើយក៏វាត្រូវតែនៅជាធរមានដែរ ពីព្រោះជំពាក់លុយគេ ហើយចេញសែកសងគេ សែកអត់លុយ”។
ប្រភពដដែលបានសង្កត់ធ្ងន់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀន និងក្រុមសង្គមស៊ីវិល គឺជាចេតនាមួយកុំឱ្យកម្ពុជាមានការអនុវត្តច្បាប់ ហើយចង់ឱ្យកម្ពុជាបន្តឲ្យមាននៅវប្បធម៌រួចទោសចំពោះជនទាំងឡាយណាដែលបានកំពុងតែរំលោភច្បាប់ និងធ្វើខុសច្បាប់ ហើយគេមិនចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនីតិរដ្ឋទេ ចំពោះការអនុវត្តច្បាប់ដែលពាក់ព័ន្ធប៉ះពាល់ទៅលើក្រុមអ្នកនយោបាយរបស់ពួកគេ។ គេតែងតែចោទប្រកាន់មកលើអ្នកអនុវត្តច្បាប់ថាជារឿងមិនត្រឹមត្រូវ ហើយតែងតែទាមទារឲ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌ ដែលនេះជាទម្លាប់វប្បធម៌អាក្រក់បំផុតរបបស់ពួកនេះ តែងតែធ្វើដដែលៗកន្លងមក ហើយមកដល់ពេលនេះ គឺនៅតែបន្តអនុវត្ត។
លោក ថាច់ សេដ្ឋា ពេលឃាត់ខ្លួន(រូបថតសមត្ថកិច្ច)
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនលោក ថាច់ សេដ្ឋា ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ការឃាត់ខ្លួននេះ បន្ទាប់ពីតំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប ដែលបានប្តឹងលោក ថាច់ សេដ្ឋា ពាក់ព័ន្ធការចេញសែកគ្មានសាច់ប្រាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា បានឲ្យដឹងថា ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក) ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី កំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ចូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។
ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ “ឈ១”ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិ វិធី ក្រោយពីបានស្តាប់ចម្លើយនិងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ៕សរន