ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមហង្សក្រហម Liverpoolនិង តោខៀវ Chelsea ដែលកំពុងលេងអន់ដូចគ្នា នឹងប្រយុទ្ធគ្នាដើម្បី៣ពិន្ទុនៅទឹកដី Anfield នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ ក្នុងពេលដែលតោខៀវមានលទ្ធភាពឈ្នះឬស្មើតិចខ្លាំងណាស់នៅទឹកដីរបស់ហង្សក្រហមក្នុងការប្រកួត EPL។ ទន្ទឹមនេះ West Ham ដែលកំពុងត្រដរខ្យល់នៅបាតតារាងនឹងស្វាគមន៍ក្រុមបាតតារាងដូចគ្នា Everton ខណៈបរាជ័យណាមួយកើតឡើងនឹងមានន័យថា គ្រូបង្វឹករបស់ពួកគេអាចនឹងខ្ទាតចេញពីតំណែង។
ដោយឡែក ក្រុមកាំភ្លើងធំ Arsenal នឹងបើកទ្វារផ្ទះទទួលក្រុម Man U ក្នុង EPL នៅថ្ងៃអាទិត្យ ដោយរំពឹងវាយលុកយកឈ្នះលើបិសាចក្រហមឱ្យខាងតែបាន ដើម្បីពង្រឹងការនាំមុខ ៨ ពិន្ទុលើកំពូលតារាងរបស់ពួកគេ។
ការព្យាករណ៍ ៖
– Liverpool vs Chelsea
* Liverpool ចាញ់ Chelsea តែម្តងគត់ក្នុងជំនួប ៧ លើកចុងក្រោយ។
* Chelsea បានចាញ់ ៦ ប្រកួតក្នុងចំណោម ៩ ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។
* ៦ ប្រកួតក្នុងចំណោម ៨ លើកចុងក្រោយរបស់ Liverpool គឺមានការស៊ុតចូលគ្នាទៅវិញទៅមក។
* Mo Salah ស៊ុតចូលទាំង២ប្រកួតរវាងក្រុមទាំងពីរកាលពីរដូវកាលមុន។
ទាំង Liverpool និង Chelsea បានជួបការលំបាកមិនអាចបំពេញតាមការរំពឹងទុកមុនបើករដូវកាល ហើយក្រុមទាំងពីរបានឈរនៅលេខរៀងទី ៩ និងទី ១០ ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីពាក់កណ្តាលរដូវកាលដ៏ខកចិត្ត។
ហង្សក្រហមបានចាញ់ការប្រកួតក្រៅដីពីរលើកជាប់គ្នា ប៉ុន្តែមានភាពរឹងមាំនៅទឹកដី Anfield ដោយឈ្នះ៦ដងក្នុងចំណោម ៩ ប្រកួតក្នុងផ្ទះរបស់ពួកគេ និងចាញ់តែម្តងប៉ុណ្ណោះ។ ក្រុមតោខៀវបានចែកផ្លូវជាមួយលោក Thomas Tuchel នៅដើមរដូវកាលនេះ ហើយបានជំនួសគាត់ដោយលោក Graham Potter ដែលបានចាប់ផ្តើមជីវិតដ៏លំបាកនៅទឹកដី Stamford Bridge ដោយឈ្នះតែ២ដងក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុង Premier League ។
ទោះបីជាបានជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរដូវក្តៅនេះក្តី ក៏លោក Potter នៅតែជួបការលំបាកក្នុងការសម្រាំងកីឡាករជម្រើស១១នាក់ខ្លាំងបំផុតរបស់គាត់។ ក្រុមតោខៀវត្រូវបានជំរុញបន្ថែមដោយការមកដល់ក្នុងខែមករារបស់កីឡាករ Joao Felix, Mykhaylo Mudryk និង Benoit Badiashile រួមជាមួយខ្សែប្រយុទ្ធរបស់ Molde គឺ David Datro Fofana ។ ផ្ទុយទៅវិញ Liverpool បានមានះមិនព្រមចាយលុយលើខ្សែបម្រើទេ បើទោះបីជាមានបញ្ហាក្នុងតំបន់នេះក៏ដោយ។
បញ្ហារបស់ Chelsea ក្នុងរដូវកាលនេះគឺនៅតំបន់ប្រយុទ្ធ។ ពួកគេជាក្រុមស៊ុតបញ្ចូលទីទាបបំផុតនៅក្នុងពាក់កណ្តាលរដូវកាលនេះ ហើយបានស៊ុតបញ្ចូលទីបានត្រឹមតែ ២២ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត Premier League ចំនួន ១៩ លើក។
ទោះយ៉ាងណា ក្រុមតោខៀវត្រូវប្រឈមមុខនឹងក្រុម Liverpool ដែលការពារខ្សោយក្នុងរដូវកាលនេះ ដោយបានបណ្តោយរបូត ២៥ គ្រាប់ក្នុង ១៨ ប្រកួត។
ក្រុមណាដែលអាចកេងចំណេញលើចំណុចខ្សោយរបស់គូប្រកួតនឹងមានលទ្ធភាពឈ្នះនៅទឹកដី Anfield ។ តែទោះយ៉ាងណា Liverpool មានប្រៀបជាង Chelsea ដោយជួបគ្នា ៧ ដងចុងក្រោយ ហង្សក្រហមចាញ់តោខៀវតែម្តងគត់។
លទ្ធផលព្យាករណ៍ Liverpool ឈ្នះ ២-១។
– West Ham vs Everton
* Everton បានចាញ់ ៨ លើកក្នុងចំណោម ១១ ប្រកួតចុងក្រោយរបស់ពួកគេ។
* ជ័យជម្នះ៣លើកក្នុងចំណោម ៤ លើករបស់ West Ham នៅរដូវកាលនេះបានកើតឡើងក្នុងផ្ទះ។
* Everton រកបានតែ១គ្រាប់គត់ក្នុងការប្រកួតក្រៅដី៥លើកចុងក្រោយ។
* ៤ ប្រកួតក្នុងចំណោមការជួបគ្នា៥លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League ក្រុមទាំងពីររកបានតែមួយគ្រាប់ប៉ុណ្ណោះ។
កំដៅកំពុងកើនឡើងលើកៅអីរបស់អ្នកចាត់ការទូទៅ West Ham លោក David Moyes និងសមភាគី Everton របស់គាត់ គឺ លោក Frank Lampard ហើយបរាជ័យសម្រាប់ក្រុមណាមួយនៅថ្ងៃសៅរ៍នេះអាចជាថ្ងៃការងារចុងក្រោយរបស់អ្នកទាំងពីរ។
លោក Moyes និងលោក Lampard គឺជាឈ្មោះពីរដែលគ្របដណ្តប់លើលទ្ធភាពបណ្តេញចេញនៅ Premier League ខណៈក្រុមហត់នឿយរបស់ពួកគេទាំងពីរកំពុងស្ថិតក្នុងតំបន់កាត់ចោល ដោយពួកគេនីមួយៗទទួលបានត្រឹមតែ ១៥ ពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាកចំនួន ១៩ លើករបស់ពួកគេ។
ក្រុមញញួរធំដណ្តើមបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ៧ លើកចុងក្រោយរបស់ពួកគេ ខណៈក្រុមស្ករគ្រាប់មិនបានទទួលជ័យជម្នះសោះក្នុងការប្រកួត ៧ លើកចុងក្រោយ។
លទ្ធផលត្រូវតែកើតមាននៅឯកីឡដ្ឋាន London ប៉ុន្តែវាច្បាស់ណាស់ជាការប្រកួតដ៏ភ័យខ្លាចសម្រាប់អ្នកចាត់ការទូទៅទាំងពីរ ព្រោះមិនអាចចាញ់បានឡើយ។
ការលំបាករបស់ Everton គឺអាចងាយស្តារជាង West Ham ព្រោះក្រុមទីក្រុងឡុងដ៍នេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុង Premier League កាលពីរដូវកាលមុន ហើយដូច្នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Europa Conference League ជាហេតុធ្វើឱ្យពួកគេហត់កាន់តែខ្លាំង។
ការផ្សងព្រេងនៅទ្វីបអឺរ៉ុបគឺជាការរំខានខ្លាំងសម្រាប់ក្រុមញញួរធំ ដែលបានចាញ់ ១២ ប្រកួតក្នុងការប្រកួតលីក ១៩ លើករបស់ពួកគេ។
ទោះយ៉ាងណា ការឈ្នះ ៤ លើករបស់ West Ham បានកើតឡើង ៣ ដងទៅហើយនៅក្នុងផ្ទះ ហើយក្រុមទាំងពីររមែងស៊ុតចូលត្រឹម១គ្រាប់ប៉ុណ្ណោះ ក្នុងជំនួប ៤ ដងចុងក្រោយ។
លទ្ធផលព្យាករណ៍ West Ham ឈ្នះ ១-០។
– Arsenal vs Man U
* Arsenal បានឈ្នះ ១៥ ដងក្នុងចំណោម ១៨ ប្រកួតក្នុងលីកនៅរដូវកាលនេះ។
* Arsenal តែងឈ្នះហើយរបូតគ្រាប់បាល់ក្នុង ៩ ប្រកួតនៃការប្រកួតក្នុងផ្ទះ ១១ លើកចុងក្រោយ។
* Man U បានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដី ៩ លើកចុងក្រោយនៅ Premier League របស់ពួកគេ។
* កីឡាករ Martin Odegaard រកបាន ៥ គ្រាប់ក្នុងការប្រកួតលីក ៧ លើកចុងក្រោយសម្រាប់ Arsenal។
បរាជ័យរបស់ Manchester City ក្នុងការប្រកួត Derby កាលពីសប្តាហ៍មុនបានធ្វើឱ្យក្រុម Arsenal គ្រប់គ្រងយ៉ាងរឹងមាំក្នុងការប្រជែងដណ្តើមពាន Premier League ហើយក្រុមរបស់លោក Mikel Arteta នឹងមិនខ្លាចនរណាទាំងអស់នៅពាក់កណ្តាលរដូវកាលសេសសល់ រួមទាំងគូប្រជែង Manchester United នៅថ្ងៃអាទិត្យផងដែរ។
ការចាញ់ ២-១ របស់ Man City នៅទឹកដី Old Trafford បានបើកទ្វារសម្រាប់ក្រុមកាំភ្លើងធំ ហើយពួកគេសមនឹងឈ្នះ ២-០ លើ Tottenham កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យពួកគេមាន ៨ ពិន្ទុដាច់នៅលើកំពូលតារាង។
United គឺជាក្រុមតែមួយគត់ដែលបានយកឈ្នះ Arsenal ក្នុងរដូវកាលនេះ ដោយពួកគេបានឈ្នះ ៣-១ ក្នុងខែកញ្ញា នៅពេលដែល Marcus Rashford ស៊ុតបញ្ចូលទីបានពីរគ្រាប់ ហើយក្រុមរបស់លោក Erik ten Hag បានកែប្រែជំនោរការប្រកួតរបស់ពួកគេជាមួយនឹងលទ្ធផលល្អជាបន្តបន្ទាប់ចាប់តាំងពីការសម្រាកវើលខាប់។
ទោះយ៉ាងណា ក្រុមកាំភ្លើងធំមានលទ្ធភាពឈ្នះខ្ពស់ជាងនៅថ្ងៃនេះ។ Newcastle គឺជាក្រុមតែមួយគត់ដែលបានចាកចេញពីទឹកដី Emirates ជាមួយនឹង១ពិន្ទុនៅក្នុងលីកនៅរដូវកាលនេះ នៅពេលពួកគេស្មើសូន្យគ្រាប់ថ្មីៗនេះ ប៉ុន្តែការប្រកួតក្នុងផ្ទះរបស់ Arsenal តែងមានលក្ខណៈវាយសម្រុកទៅវិញទៅមក ល្អមើលខ្លាំងណាស់។
ខណៈ United បានស៊ុតបញ្ចូលទីក្នុងការប្រកួតក្រៅដី ៩ លើកចុងក្រោយរបស់ពួកគេ និង ជាមួយនឹងមហិច្ឆតាដណ្តើមពានរៀងៗខ្លួន ក្រុមទាំងពីររំពឹងមានគ្រាប់បាល់ស៊ុតចូលគ្នានៅថ្ងៃអាទិត្យនេះ តែប្រៀបឈ្នះគឺនៅខាងកាំភ្លើងធំ។
លទ្ធផលព្យាករណ៍ Arsenal ឈ្នះ ២-១៕
Liverpool ត្បិតលេងអន់នៅតែរំពឹងឈ្នះលើ Chelsea ដែលកំពុងលេងអន់ដូចគ្នា