ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃសុក្រទី២០មករាថា “មិនមានជម្រើសផ្សេង”ក្រៅពីលោកខាងលិចផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះធុនធ្ងន់នោះទេ ខណៈអាល្លឺម៉ង់បានបរាជ័យក្នុងការផ្តល់ជូនរថក្រោះ Leopard របស់ខ្លួនសម្រាប់លទ្ធភាពបើកការវាយលុកនៅនិទាឃរដូវដោយរដ្ឋាភិបាលក្រុងគៀវ។
កិច្ចប្រជុំដែលដឹកនាំដោយសហរដ្ឋអាម៉េរិកនៃសម្ពន្ធមិត្តអ៊ុយក្រែនចំនួន ៥០ បានកើតឡើងជាមួយនឹងការផ្តល់ជូនគ្រឿងសឹកយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារ រួមទាំងរថពាសដែកធុនស្រាល និងគ្រាប់យុទ្ធភ័ណ្ឌជាច្រើនដែលត្រូវការចាំបាច់ដើម្បីរុញច្រានកងកម្លាំងរុស្ស៊ី។
ប៉ុន្តែលោកហ្សេលេនស្គីបានសង្កត់ធ្ងន់ថា លោកត្រូវការរថក្រោះប្រយុទ្ធមិនមែនគ្រាន់តែគ្រឿងសឹកទាំងនោះទេ ខណៈរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បាននិយាយថាអ៊ុយក្រែនត្រូវបានរំពឹងថានឹងបើកការវាយលុកប្រឆាំងនឹងទាហានរុស្ស៊ីដែលជីកលេណដ្ឋានរឹងមាំនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកអូស្ទីនបាននិយាយនៅឯកិច្ចប្រជុំនៅឯមូលដ្ឋានទ័ពអាកាសរ៉ាមស្តាញ (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ថា “យើងមានឱកាសនៅទីនេះនៅចន្លោះពេលនេះនិងនិទាឃរដូវ…នៅពេលណាដែលពួកគេចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេ ពោលគឺការវាយលុករបស់ពួកគេ”។
នៅក្នុងសុន្ទរកថាជាវីដេអូ លោកហ្សេលេនស្គីបានជំរុញឱ្យក្រុមប្រទេសទាំង៥០នេះ “បង្កើនល្បឿន” ការចែកចាយអាវុធ ហើយបានសង្កត់ធ្ងន់ថា រថក្រោះ Leopard របស់អាល្លឺម៉ង់គឺជាតម្រូវការចម្បង។
លោកបាននិយាយថា “ជារៀងរាល់ថ្ងៃយើងកាន់តែច្បាស់ថាមិនមានជម្រើសផ្សេងទេ ចឹងការសម្រេចចិត្តអំពីរថក្រោះត្រូវតែធ្វើឡើងជាដាច់ខាត”៕
អ៊ុយក្រែនត្រូវការរថក្រោះជាចម្បងដើម្បីបើកការវាយលុកលើរុស្ស៊ី