ដោយៈប.ខុន/ភ្នំពេញៈគម្រោងសាងសង់ផ្លូវបេតុងឆ្អឹងដែកផ្លូវលើខ្នងទំនប់អាងត្រពាំងថ្មដោយចាក់មួយចំហៀងទទឹង៣ម៉ែត្រ(ម្ខាង)អនុវត្តបានប្រវែង១៧.៤៦០ម៉ែត្រនិងការចាក់បេតុងពេញដល់ទំហំផ្លូវ៦ម៉ែត្រកម្រាស់០,២០ម៉ែត្រអនុវត្តបាន៩.៩៧៦ម៉ែត្រនៃប្រវែងផ្លូវត្រូវចាក់បេតុង២១គីឡូម៉ែត្រហើយ។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២៣ថា ការស្ថាបនាផ្លូវបេ តុងឆ្អឹងដែកផ្លូវលើទំនប់អាងត្រពាំងថ្មគិតមកដល់ថ្ងៃទី២០ខែមករាអនុវត្តបានប្រវែង១៧.៤៦០ម៉ែត្រទទឹង៣ម៉ែត្រ(មួយចំហៀងនៃផ្លូវ)និង ចាក់បេតុងពេញទទឹងគ្រប់៦ម៉ែត្របានប្រវែង៩.៩៧៦ម៉ែត្រកម្រាស់០,២ម៉ែត្រនៃប្រវែងផ្លូវត្រូវចាក់បេតុង២១គីឡូម៉ែត្រទទឹង៦ម៉ែត្រហើយ។

ប្រធានមន្ទីរខាងលើបញ្ជាក់ថាគម្រោងសាងសង់ផ្លូវបេតុងឆ្អឹងដែកផ្លូវលើទំនប់អាងត្របាំងថ្មសម្រាប់ការងារចាក់បេតុងសម្រេចបានលទ្ធផលប្រមាណជា៧០ភាគរយ នៃប្រវែងផ្លូវ២១គីឡូម៉ែត្រហើយតែបើគិតទាំងការងារធ្វើគ្រឹះ គម្រោងសាងសង់ផ្លូវនេះអនុវត្តបានដល់ប្រមាណជា៨០ភាគរយហើយ។ការសាង់សង់ផ្លូវបេតុងប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាពល្អសម្រាប់ការប្រើប្រាស់បានយូរ អង្វែរជាងផ្លូវកៅ ស៊ូ។

គម្រោងសាងសង់ផ្លូវលើទំនប់អាងត្រពាំងថ្មនេះដំបូងឡើយក្រសួងធនធានទឹកនិងឧតុនិយមគ្រោងចាក់កៅស៊ូឱ្យបានរួចរាល់ក្នុងរយៈពេលខ្លី តែដើម្បីឱ្យធានាការប្រើប្រាស់បានយូរអង្វែងក្រសួងបានសម្រេចប្តូរពីគម្រោងចាក់ក្រាលកៅស៊ូមកចាក់បេតុងកម្រាស់០,២ម៉ែត្រវិញ ។ ការសាងសង់ផ្លូវបេតុងលើទំនប់អាងត្រពាំងថ្មត្រូវបាន គេជឿជាក់ថាធានាទាំងគុណភាពផ្លូវប្រើប្រាស់យូរអង្វែងនិងធានាទាំងគុណភាពនៃទំនប់អាងទៀតផង។

គម្រោងសាងសង់ផ្លូវខាងលើជាបន្ទាន់ដោយក្រសួងធនធានទឹកនិងឧតុនិយមនេះបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអ្នករស់នៅនិងប្រើប្រាស់ផ្លូវនេះផ្ទាល់បានស្នើសុំសម្តេចតេជោនៅក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងកម្មវិធីទិវាមច្ឆាជាតិនៅអាងត្រពាំងថ្មកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះរួចមក ។ គម្រោងខាងលើនេះតាមពិតត្រូវចាក់កៅស៊ូតាំងពីឆ្នាំ២០១៣មកម្ល៉េះ តែដោយសារមានការប្រទាញប្រទង់គ្នាជាមួយនឹងស្ថាប័នជំនាញផ្សេងទៀតទើបធ្វើឱ្យការសាងសង់ផ្លូវនេះជាកៅស៊ូត្រូវខកខានរហូតដល់ពេលនេះ៕/r