ដោយ: បូកគោ / កំពត: អាជ្ញាធរ ក៏ដូចជាជំនាញពាក់ព័ន្ធ បាននិងកំពុងផ្តោតលើការងារប្រាំចំណុចជាចម្បង ដើម្បីបង្កើនសក្តានុពលទេសចរណ៍ សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញ ដល់កំណើនសេដ្ឋកិច្ច ក្នុងខេត្តកំពត។ 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ កន្លងមក ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរថយចុះក្តី តែសកម្មភាពអភិវឌ្ឍផលិតផលទេសចរណ៍ មិនបានធ្លាក់ចុះឡើយ។ ជាក់ស្តែង មុនដំណាក់កាលកូវីដ-១៩ សេវាកម្មបឹងហ្គាឡូ មានតែជាង ៤០០ កន្លែង តែពេលនេះ បានរីកដុះដាល រហូតដល់ជាង ៩០០ ធ្វើឲ្យបន្ទប់ស្នាក់នៅទូទាំងខេត្ត កើនឡើងជាង ៤.២០០ ខណ:ដែលសេវាម្ហូបអាហារ និងសេវាផ្សេងៗ មានជាង ៧០០ កន្លែង។ 

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ បច្ចុប្បន្ន អាជ្ញាធរ ក៏ដូចជា មន្ត្រីជំនាញ បាននិងកំពុងផ្តោតជាសំខាន់ លើការងារមួយចំនួន រួមមាន ការអភិវឌ្ឍផលិតផលទេសចរណ៍ ជំរុញនិងពង្រឹងគុណភាពសេវាកម្ម បង្កើនការផ្សព្វផ្សាយសក្តានុពល តំបន់ទេសចរណ៍នានា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទេសចរណ៍ ក្នុងតំបន់។ 

លោក សយ ស៊ីណុល បានបន្តថាៈ ចំណុចសំខាន់មួយទៀត គឺការកែលម្អសោភ័ណភាពក្រុង។ កិច្ចការទាំងនេះ រដ្ឋបាលខេត្តកំពត បានខិតខំអភិវឌ្ឍក្រុង ដែលភ្ញៀវកាន់តែចាប់អារម្មណ៍ មកកម្សាន្តច្រើនជាង។ 

លោកប្រធាន បានរំលឹកថាៈ សម្រាប់ឆ្នាំ២០២២ កន្លងទៅ ភ្ញៀវទេសចរ បានមកសម្រាកលម្ហែ នៅខេត្តកំពតប្រមាណ ១លាន ៨សែននាក់។ បរិមាណនេះ មានការកើនឡើងជាង២សែននាក់ បើធៀបនឹងឆ្នាំ២០១៩ កាលមិនទាន់ផ្ទុះជំងឺកូវីដ-១៩៕/V-PC