ដោយៈ health.com.kh
ផ្លែ​ឈើ​មិន​ត្រឹមតែ​ផ្តល់​សុខភាព​ល្អ​ទេ ថែម​ទាំង​ផ្តល់​ឲ្យ​នូវ​សារធាតុ​ចិ​ញ្ជឹ​ម វីតាមីន​សំខាន់​ៗ​ជា​ច្រើន និង​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​រលោង​ទៀត​ផង ។ ពិត​ណាស់ ផ្លែ​ឈើ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​UV បញ្ហា​ពណ៌​ស្បែក​មិន​ស៊ីគ្នា ស្នាម​ជ្រីវជ្រួញ ព្រមទាំង​ជួយ​ឲ្យ​សក់​រឹង​មាំ​ថែម​ទៀត​ផង​។ ហេតុនេះ​ហើយ គ្នា​យើង​គប្បី​ញ៉ាំ​ផ្លែ​ឈើ​មួយ​ចំនួន​ខាងក្រោម​ជា​ប្រចាំ ដើម្បី​ទទួល​បាន​សម្រស់​កាន់តែ​ទាក់ទាញ​។

១. ផ្លែ​ម្នាស់
ផ្លែ​ម្នាស់​ក៏​ជា​ប្រភព​នៃ​គ្រឿងផ្សំ​ធម្មជាតិ​ដែល​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ដូច​ទៅ​នឹង​ពពួក​ផ្លែក្រូច​ដែរ​។ ដើម្បី​ការពារ​ស្បែក​ពី​ភាព​ចាស់ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​ម្នាស់​ជា​ទៀងទាត់ ពីព្រោះ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​សារធាតុចិញ្ចឹម​ជា​ច្រើន​ដូច​ជា ម៉ាញេស្យូម វីតាមីន​B វីតាមីន​C និង​ផូស្វ័រ ព្រមទាំង​ជាតិ​សរសៃ ដែល​អាច​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង ខួរក្បាល ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង​។

២. ផ្លែក្រូច
ដូច​គ្នា​នេះ​ដែរ ផ្លែក្រូច​អាច​ជួយ​ជំរុញ​ការ​ផលិត​ជាតិ​ខូ​ឡា​ជែ​ន​ក្នុង​រាង​កាយ​បែប​ធម្មជាតិ ដែល​អាច​រក្សា​ភាពយឺត​នៃ​ស្បែក និង​ជួយ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​។ បន្ថែម​ពី​នេះ ផ្លែក្រូច​ផ្ទុក​វីតាមីន​C ដែល​មាន​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។

៣. ឪឡឹក
ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូត​ដល់​៩០% ដែល​មានគុណ​ប្រយោជន៍​ជួយ​ឲ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ និង​ស្រស់ថ្លា​។ លើស​ពី​នេះ ឪឡឹក​ក៏​ផ្ទុក​ទៅ​ដោយសារ​ធាតុ​Lycopene ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កាំរស្មី​UV​។

៤. ផ្លែ​ទទឹម
ចំណែក​ផ្លែ​ទទឹម​សម្បូរ​ទៅ​ដោយ​ជាតិ​ខូ​ឡា​ជែ​ន ដែល​ជួយ​ឲ្យ​ស្បែក​មើលទៅ​ក្មេង​ជាង​វ័យ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​កើត​មុន ក៏​ដូច​ជា​បំពេញ​ជាតិ​ទឹក​នៃ​ស្បែក​។ ដូចនេះ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ទទឹម ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​រក្សា​ជាតិ​ខូ​ឡា​ជែ​ន​ក្នុង​រាង​កាយ ៕/R