ក្រសួង​ការងារ​ស្នើ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានល្អ​ប្រសើរ​

1105
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្នុងការ​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតមានឡើង​ស្ទើរតែ​រាល់ថ្ងៃនេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានស្នើរ​ដល់​អ្នកបើក​បររថ​យន្ត​ដឹក​បងប្អូន​កម្មករនិយោជិត ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បានល្អ​ប្រសើរ និង​ចូលរួម​កាត់បន្ថយ​ឲ្យ​មក​នៅ​កម្រិត​ទាប​។​

​ពាក់ព័ន្ធ​នឹង​ការចូលរួម​នេះ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) នៃ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម (​ប​.​ស​.​ស​) បាន​ចុះ​បណ្តុះបណ្តាល​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍​បន្ថែមទៀត និង​ត្រៀមប្រឡង​ផ្តល់​បណ្ណ​បើកបរ​ដល់​អ្នកបើកប​រយាន​យន្ត​ដឹក​កម្មករនិយោជិត ដែល​មិនមាន​បណ្ណ​បើកបរ និង​មាន​បណ្ណ​បើកបរ​មិន​ស្របតាម​យានយន្ត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែលមាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត​មាន​របស់ ប​.​ស​.​ស បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​ខាងលើ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត​បាន​យល់ដឹង​បន្ថែម ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​ឡាន​ដឹក​កម្មករនិយោជិត ត្រៀមប្រឡង​យក​បណ្ណ​បើកបរ​ឡាន​ដឹក​កម្មករ​ស្របតាម​យានយន្ត និង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ត្រឹមត្រូវ​និង​ខ្ជ​ប់​ខ្ជួន ក្នុងន័យ​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​នៅ​កម្រិត​ទាប​ជាង​មុន​។​ក្រុមការងារ ស​.​ផ​.​ក បាន​សំណូមពរ​ដល់​អ្នកបើក​បរ​ដឹក​កម្ម​ករទាំង​អស់ ត្រូវ​មក​ចុះឈ្មោះ​ប្រឡង​យក​បណ្ណ​បើកបរ​ឲ្យ​ស្របតាម​ប្រភេទ​យានយន្ត​ដែល​ច្បាប់​បានកំណត់​ផងដែរ​។​

​ក្នុង​រយៈពេល​កន្លងមក​នេះ ក្រុមការងារ ស​.​ផ​.​ក បាន​សហការ​ជាមួយ​រដ្ឋបាល​រោងចក្រ​គ្រប់​តំបន់​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ប្រមូល​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​មក​ធ្វើការ​បណ្តុះបណ្តាល​សរុប​ចំនួន ៣៣០​នាក់ ក្នុងនោះ​អ្នកបើកបរ​ដែល​គ្មាន​បណ្ណ​បើកបរ​ចំនួន​៣៧​នាក់ និង​មាន​បណ្ណ​បើកបរ​មិន​ស្របតាម​ប្រភេទ​យានយន្ត​មាន​ចំនួន​១៧០​នាក់​។

​ទន្ទឹមនេះ​ក្រុមការងារ ស​.​ផ​.​ក ក៏បាន​អំពាវនាវ​បន្ថែម​ទៅដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ​យានយន្ត (​ឈៀក​) រថយន្ត​ជាប្រចាំ​, មិនត្រូវ​ផ្ទុក​កម្មករ​លើស​ចំណុះ​, ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​របស់​ក្រុមការងារ ប​.​ស​.​ស ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ត្រូវ​ត្រួតពិនិត្យ​យានយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុនពេល​ចេញទៅ​ដឹក​កម្ម​ករពី​ផ្ទះ​ទៅ​កន្លែងធ្វើការ និង​ពី​កន្លែងធ្វើការ​ត្រឡប់​ទៅ​ផ្ទ​វិញ​។​ល​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម