ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះមេគណខេត្តកំពង់ឆ្នាំង បានមានសង្ឃដីកាផ្តាំផ្ញើដល់សមណសិស្ស-សិស្ស ដែលជាបេក្ខជនប្រឡងទាំងអស់ ត្រូវបញ្ចេញចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួន គឺចេះជាប់ និងគោរពនូវបទបញ្ជាផ្ទៃក្នុងការប្រឡង ឱ្យបានល្អ។

ព្រះអង្គបានមានសង្ឃដីកាផ្តាំផ្ញើបែបនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣ ក្នុងឱកាសដែលព្រះអង្គ ចូលរួមកាត់វិញ្ញាសាប្រឡង ចូលរៀនមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅមណ្ឌលប្រលងវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់- ក្រុងកំពង់ឆ្នាំង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង លោក ហែម ធន ប្រធានប្រតិភូនៃក្រសួងធម្មការ និងសាសនា។

 

ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាបន្ត ថាៈ ការប្រឡងចូលរៀនមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ ត្រូវអនុវត្តឱ្យស្របតាមគោលការណ៍ក្រសួងធម្មការ និង សាសនា ហើយព្រះអង្គ បានណែនាំថា ដើម្បី ធានារក្សាឱ្យការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាព តម្លាភាពប្រសិទ្ធភាព និងយុត្តិធម៌ បេក្ខជន ដែលសមណសិស្សសិស្សទាំងអស់មានសមត្ថភាពផ្ទាល់ខ្លួន គឺជាប់។

លោក ហែម ធន បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងការប្រឡង និងសមណសិស្ស-សិស្ស ដែលមកប្រឡងទាំងអស់ ត្រូវអនុវត្តឱ្យបាននូវបទបញ្ជាផ្ទៃក្នុងការប្រលង និង អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ឱ្យបានជាប់ជាប្រចាំ ដើម្បីខ្លួនយើង អ្នកជិតខាងយើង និងសហគមន៍យើង ជៀសផុតពីការឆ្លងជំងឺកូវីដ១៩។

ចំណែកលោក សរ លាង បានឱ្យដឹងថាៈ ការប្រឡងចូលរៀនមធ្យមសិក្សាបឋមភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ មានមួយមណ្ឌល ស្មើនឹង១០ បន្ទប់ បេក្ខជនជាសមណសិស្ស-សិស្ស សរុបចំនួន ២៣៧ អង្គ/នាក់ និមន្តនិងអញ្ជើញមកពីក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំង៕/V/R