ដោយៈ វ៉ៃកូ / ស្វាយរៀង៖ លោក រស់ ផារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានគម្រោងជួសជុល ផ្លូវដីក្រាលថ្មបំបែក ប្រវែង ១.៨០០ ម៉ែត្រ គម្រោងឆ្នាំ២០២២ ឆ្លងកាត់ចំនួន ២ ភូមិ គឺភូមិសេកយំ ប្រវែង ១.៥០០ ម៉ែត្រ និងភូមិព្រៃតាយ័ន្ត ប្រវែង ៣០០ ម៉ែត្រ។

លោក រស់ ផារិទ្ធ បានមានប្រសាសន៍ថាៈ សមិទ្ធផល ផ្លូវមួយខ្សែ ស្ថិតនៅក្នុង ភូមិសេកយំ ឃុំពងទឹកនេះ មានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងការធ្វើដំណើរ ឆ្លងកាត់ និងដឹកកសិផល ផ្សេងៗ បន្ទាប់ពីទទួល រងការខូចខាត ពិបាកក្នុងការធ្វើដំណើរ នាឆ្នាំ២០២២ កន្លងទៅនេះ។

លោកបានឲ្យដឹងទៀតថាៈ ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលជា ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរឃុំពងទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ឆ្លងកាត់ទៅមក ដើម្បីកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ។ ដូច្នេះ ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏សំខាន់ បើមានផ្លូវល្អ គឺធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ថា: សមិទ្ធផលផ្លូវ ដែលបើកការដ្ឋានស្ថាបនា នៅថ្ងៃនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភា​ពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំ កសាង សមិទ្ធផលនានាជូនដល់ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល ក៏បានផ្តល់របស់កំដរដៃ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួម ១០០ នាក់ ក្នុងម្នាក់ៗ ទទួលបានក្រមា១ និងបានប្រគេនទេយ្យវត្ថុ ចង្ហាន់ និងបច្ច័យ ដល់ព្រះគ្រូចៅអធិការវត្តសេកមាសផងដែរ៕/V/R