មន្ត្រី​-​បុគ្គលិក​អជ្ញាធរ​ជាតិ​អប្សរា​ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការជួយ​សង្គ្រោះ​បឋម​លើក​ទី​៥

1177
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ អាជ្ញាធ​ជាតិរ​អប្សរា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការជួយ​សង្គ្រោះ​បឋម​ពី​អង្គការ NPO Srolanh Project មកពី​ប្រទេស​ជប៉ុន​។ វគ្គ​សិក្សា​នេះ​មាន​គ្រូ​ចំនួន​១២​នាក់ បង្រៀន​ដល់​ភ្នាក់ងារ​ទេសចរ​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ ចំនួន​៣៦​នាក់ និង​បុគ្គលិក​នៃ​នាយកដ្ឋាន​សណ្តាប់​និង​សហ​ប្រតិ​ប​ត្ត​ការណ៍​ចំនួន​១៤​នាក់ ដែល​កំពុង​បំពេញការងារ​នៅតាម​ប្រាសាទ​គោលដៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​វគ្គ​សិក្សា​នេះ​ផ្តោត​សំខាន់​លើ​ជំនាញ​សង្គ្រោះ​បឋម​ដូចជា គោលការណ៍​គ្រឹះ​នៃ​ការសង្គ្រោះ​បឋម ការដាក់​ស្ថានភាព​ដំណេក ភាព​ស្ហុ​ក សន្លប់​បាត់ស្មារតី បាត់​ដង្ហើម​-​គាំងបេះដូង (CPR) ការធ្វើ​ចលនា​ដង្ហើម​ពេល​មាន​មនុស្ស​គាំងបេះដូង ស្លាក់ លង់ទឹក ឆក់​ចរន្តអគ្គិសនី រន្ទះបាញ់ ការពុល ការ​រលាក ការហូរ​ឈាម របួស ការបាក់​ឆ្អឹង របៀប​រំ​របួស ការលើកដាក់​និង​បញ្ជូន​ជនរងគ្រោះ ការជួយ​សង្គ្រោះ​ដោយសារ​បាក់​ឬ​គ្រេច​ជាដើម ដោយមាន​ការអនុវត្ត​ផ្ទាល់​លើ​ទ្រឹស្តី​។

​សូមបញ្ជាក់ថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​សង្គ្រោះ​បឋម​ខាងលើ ធ្វើឡើង​រៀងរាល់​៦​ខែម្តង គឺ​នៅ​ខែកុម្ភៈ​និង​កក្កដា​រៀងរាល់ឆ្នាំ​។ នេះ​ជា​លើក​ទី​៥​ហើយ ដែល​អង្គការ NPO Srolanh Project បាន​ចុះមក​បង្រៀន​ដល់​ភ្នាក់ងារ​ទេសចរ​និង​បុគ្គលិក នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​និង​សណ្តាប់ធ្នាប់ ដែលមាន​សិក្ខាកាម​ចូលរួម​ទាំងអស់​សរុប​ចំនួន​២០៦​នាក់ ដើម្បី​ពង្រឹងសមត្ថភាព​ដល់​បុគ្គលិក និង​លើកកម្ពស់​ការងារ​ឱ្យមាន​ប្រសិទ្ធិភាព​បន្ថែមទៀត ក្នុងការ​ជួយសង្គ្រោះ​ភ្ញៀវទេសចរ ករណី​មាន​គ្រោះថ្នាក់​ជាយថាហេតុ​នៅពេល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម