ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ជនជាតិប៉េរូរាប់សិបនាក់បានរងរបួសនៅពេលភាពតានតឹងកញ្ជ្រោលឡើងជាថ្មីកាលពីយប់ថ្ងៃសុក្រ ក្រោយពីប៉ូលីសបានប៉ះទង្គិចជាមួយអ្នកប្រឆាំងតវ៉ានៅក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបាននិងកំពុងរាលដាលនៅទូទាំងប្រទេស។
នៅក្នុងរដ្ឋធានីលីម៉ា ប៉ូលីសបានប្រើគ្រាប់បែកផ្សែងដើម្បីបណ្តេញបាតុករ ដែលចោលដបនិងដុំថ្ម នៅពេលពួកគេដុតអោយឆេះរបស់របរនៅតាមដងវិថី។
នៅតំបន់ពូណូ(Puno)ភាគខាងត្បូងប្រទេស អ្នកប្រឆាំងតវ៉ាប្រមាណ១.៥០០នាក់បានវាយប្រហារស្ថានីយប៉ូលីសនៅទីប្រជុំជន អ៊ីឡាវ៉េ(Ilave)។ស្ថានីយប៉ូលីសមួយនៅក្រុង ហ្សេពីតា (Zepita)នៃតំបន់ពូណូក៏ត្រូវបានដុតបំផ្លាញ។
អាជ្ញាធរសុខាភិបាលនៅអ៊ីឡាវ៉េ បានរាយការណ៍ថា មនុស្សប្រាំបីនាក់ត្រូវបាននាំចូលមន្ទីរពេទ្យដោយសាររបួស ដោយខ្លះបាក់ដៃបាក់ជើង និងរបួសភ្នែក។
គិតត្រឹមរសៀលថ្ងៃសុក្រ មនុស្ស៥៨នាក់បានរងរបួសនៅក្នុងបាតុកម្មទូទាំងប្រទេស។
ចលនាចលនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអាគារប្រវត្តិសាស្ត្រល្បីល្បាញបំផុតនៅទីក្រុងលីម៉ាត្រូវដុតឆេះខ្ទេច និងប្រធានាធិបតី ឌីណា បូលូអាតេ( Dina Boluarte)ប្តេជ្ញាចាត់វិធានការតឹងរឹងឡើងប្រឆាំងពួកបំផ្លិចបំផ្លាញ។
អាគារប្រវត្តិសាស្ត្រនៅក្រុងលីម៉ាត្រូវបានដុតបំផ្លាញក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីថ្ងៃ១៩មករា
សូមបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានចេញមកតាមដងផ្លូវនៃក្រុងលីម៉ានៅសប្តាហ៍នេះដើម្បីទាមទារការផ្លាស់ប្តូរ ចំពេលពួកបាតុករកាន់តែខឹងនឹងការស្លាប់មនុស្សកាន់តែច្រើនក្នុងការប្រឈមរវាងបាតុករនិងប៉ូលីស។ ជាផ្លូវការ មនុស្ស៤៥នាក់ត្រូវបានសម្លាប់នៅរយៈពេលមួយខែមកនេះ។
ការប្រឆាំងតវ៉ាបានចាប់ផ្តើមតាំងពីពេលសភាបណ្តេញប្រធានាធិបតី ប៉េដ្រូ កាស្ទីលឡូ(Pedro Castillo)និងដាក់លោកស្រី ឌីណា បូលូអាតេ ចូលជំនួសកាលពីជាងមួយខែមុនជាហេតុនាំអោយពួកអ្នកគាំទ្រមេដឹកនាំមុននាំគ្នាធ្វើបាតុកម្មទាមទាររំលាយរដ្ឋាភិបាល ដោះលែងលោកកាស្ទីលឡូនិងរៀបចំធ្វើការបោះឆ្នោតមួយជាបន្ទាន់៕
ប៉ូលីសនិងបាតុករចោទគ្នាទៅវិញទៅមកថាប្រើសព្វាវុធដែលអាចនាំអោយបាត់បង់ជីវិត