ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អង្គការសម្រេចសុបិនកុមារ កម្ពុជា កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានសម្ពោធដាក់ ឱ្យប្រើប្រាស់ អគារសិក្សា មួយខ្នង មានបួនបន្ទប់ នៅសាលាបឋម សិក្សា តាអ៊ិន ឃុំស្រះរាំង ស្រុកមង្គលបូរី ជាអំណោយរបស់ អង្គការនេះ ។

លោក ឃ្លោក យ៉ែម ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា បានមានប្រសាសន៍ថា អង្គការសម្រេចសុបិនកុមារ មានអាយុ ២០ ឆ្នាំមកហើយ ក្នុងការបង្កើតឡើង។ សម្រាប់កម្ពុជា អង្គការបានផ្តល់សាលារៀន ជូនដល់សិស្សានុសិស្ស សិក្សារៀន សូត្រ ប្រមាណជិត ២០០ សាលាហើយ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល លើកម្ពស់លើវិស័យអប់រំ នៅកម្ពុជា ក៏ដូចជា ផ្តល់ឱកាសដល់ក្មួយៗ សិស្សានុសិស្ស បានសិក្សារៀនសូត្រ ជាពិសេសនៅតំបន់ដាច់ស្រយាល។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង លោល អ៊ុ រាត្រី អភិបាលខេត្ត បានសម្តែងនូវការកោត​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់​លំដាប់​ថ្នាក់ ជាពិសេសអង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានខិតខំ ស្វែងរកការគាំទ្ររបស់ សប្បុរសជនពីក្រៅ​ប្រទេស និងដៃគូ ពាក់ព័ន្ធ ក្នុងការជួយអភិវឌ្ឍ ដល់វិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ។

លោកស្រី បានបន្តថាសមិទ្ធផលទាំងអស់នេះ កើតមានឡើង ដោយការខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ព្រមទាំងមានកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មផុលផុស និង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ ជាច្រើនឥតគណនា ជូនខេត្ត ក៏ដូចជាជូនក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា អគារដែលសម្ពោធមានមួយខ្នង ស្មើនឹងបួនបន្ទប់ របស់អង្គការ សម្រេចសុបិនកុមារកម្ពុជា ចំណាយថវិកា​សាងសង់ សរុបចំនួន ៤៣.៤១៦ ដុល្លារអាម៉េរិក ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏មានវត្ដមានក្នុង ឱកាសនោះដែរ ហើយចុងក្រោយនៃពិធីនោះ ក៏មានការបំពាក់គ្រឿងឥស្សរិយយស ជូនសប្បុរសជន ដែលបាន ចូលរួមសាងសង់ និងកាត់ខ្សែបូរសម្ពោធអគារ ដាក់ឱ្យប្រើប្រាស់ ។ ស្របពេលជាមួយគ្នានេះដែរ នាស្រុកមង្គលបូរី អង្គការសម្រេចសុបិនកុមារកម្ពុជា បានផ្តល់អគារសិក្សា សរុបបី ខ្នងទៀត ៕v/srn