ដោយៈម៉េងឆៃ/ភ្នំពេញ៖ដោយសារភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល បានប្រែក្លាយរបៀបរបបរស់នៅ និងការប្រកប​អាជីវកម្មរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយ លក់ផលិតផល ឬសេវា លើគេហ​ទំព័រ ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គម ជាដើម។ ក្នុងពេលទន្ទឹមគ្នានេះ ក៏មានជនខិលខូចមួយចំនួន បានប្រើប្រាស់​នូវគេហទំព័រ ឬកម្មវិធីបណ្តាញទំនាក់ទំនងសង្គម (ឧទាហរណ៍ ទំព័រផេកហ្វេសប៊ុក – Facebook Page) ដោយបន្ថែម​ជាមួយ​នឹងការផ្សព្វផ្សាយ (Ads) ដើម្បីទាក់ទាញជនរងគ្រោះ ក្នុងការទិញផលិតផល ឬសេវា ដែលបានផ្សព្វផ្សាយទាំងនោះ។នេះជាការពន្យល់របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃកាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។

ប្រភពដដែលលើកជាសំណួរថា តើជនខិលខូចឆបោកប្រាក់ជនរងគ្រោះ ដោយរបៀបណា?
ខាងក្រោមនេះ គឺជាបច្ចេកទេស ដែលជនខិលខូចបានប្រើប្រាស់ ដើម្បីឆបោកប្រាក់ជនរងគ្រោះ (Online Shopping Scam)៖
១- ប្រើប្រាស់គេហទំព័រ ឬទំព័រផេកបណ្តាញសង្គម (Facebook Instagram ។ល។) បង្ហោះលក់នូវផលិតផល ឬសេវា កម្រមានលក់លើទីផ្សារ ឬមានលក់តែផ្តល់ជូននូវតម្លៃពិសេស
២- ប្រើប្រាស់កម្មវិធី Advertising (Ads) ជម្រុញការផ្សព្វផ្សាយឱ្យដល់ជនរងគ្រោះ
៣- ប្រើប្រាស់គណនីក្លែងក្លាយជាច្រើន ដើម្បីផ្តល់មតិយោបល់ល្អៗលើផលិតផល ឬសេវា ដែលពួកគេបានផ្សព្វផ្សាយ បង្ហោះលក់លើគេហទំព័រ ឬបណ្តាញសង្គម
៤- ណែនាំជនរងគ្រោះឱ្យធ្វើការទូទាត់ប្រាក់តាមមធ្យោបាយផ្សេងៗ តួយ៉ាង៖ ទូទាត់ តាមកាតធនាគារ (visa / master card) កម្មវីធីធនាគាររចល័ត (Mobile Banking) ឬតាមប្រព័ន្ធទូទាត់ប្រាក់ឌីជីថល (ឧទាហរណ៍ កម្មវិធី KHQR Wing ឬ TrueMoney ជាដើម)
៥- ចំណែកគណនីដែលជនខិលខូចប្រើប្រាស់ដើម្បីទទួលប្រាក់ទូទាត់ពីជនរងគ្រោះ ភាគច្រើនគឺជាគណនីរបស់ភាគីទី៣ (Money Mule) ដែលជនខិលខូចបានឆបោកដើម្បីទទួលប្រាក់ ផ្ទេរប្រាក់ ឬដកប្រាក់ ឱ្យពួកគេបន្ត
៦-​ បន្ទាប់ពីជនរងគ្រោះទូទាត់ប្រាក់រួចរាល់​ ពុំមានការផ្តល់ជូនផលិតផល​ ឬសេវា​ ដូចការសន្យាឡេីយ។
ជាថ្មីម្តងទៀត នាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាពិចារណាមុនពេលទិញ និងទូទាត់ប្រាក់ លើផលិតផល ឬសេវា លើបណ្តាញអ៊ីនធឺណិត ដែលមានភាពមិនប្រក្រតី ឬពុំមានព័ត៌មានអ្នកផ្គត់ផ្គង់ច្បាស់លាស់។ ក្នុងករណីមានការសង្ស័យ សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះធ្លាក់ចូលក្នុងល្បិចឆបោកនេះជាបន្តបន្ទាប់៕សរន