ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ដួង ដារា ជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាៈ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ៩ រូប នៅខេត្តកំពង់ធំ បានសម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
លោក ដួង ដារា បានឲ្យដឹងថាៈ ការសុំចូលរួមជីវភាពនយោបាយរបស់មន្ត្រីជាន់ ខ្ពស់ គណបក្សភ្លើងទៀននេះ គឺដោយសារពួកគេយល់ថា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិ ពិតប្រាកដ ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា មានដូចជាៈ
១. លោក ម៉ៅ សុផាន់ណា អនុប្រធានគណបក្សភ្លើងទៀន ខេត្តកំពង់ធំ។
២. លោក ស៊ី សុខន ក្រុមការងារ។
៣. លោក ឆាយ ចេង អនុប្រធានទី១ គណបក្សភ្លើងទៀន ខេត្តកំពង់ធំ។
៤. លោក វ៉ន កុសល ក្រុមការងារគបក្សភ្លើងទៀន។
៥. លោក ស៊ីវ សួរ ក្រុមការងារបក្សខេត្តកំពង់ធំ។
៦. លោក ម៉ែន ង៉ែត ក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ។
៧. លោក សេង គឹមឆេង ជំនួយការលោក កឹម សុខា ក្រុមការងារថ្នាក់ជាតិ។
៨. លោក អ៊ុយ សានកុសល ជំនួយការលោក ឡុង រី ក្រុមការងារថ្នាក់ជាតិ អតីតគណបក្សសង្គ្រោះជាតិ។
៩. លោក ម៉ៃ ភិរុណ យុវជនគណបក្សខ្មែរស្រឡាញ់ជាតិ ស្រុកខ្សាច់កណ្តាល។
មន្ត្រីគណបក្សភ្លើងទៀន ចំនួន ៩ រូប ដែលបានចូលរួមជីវភាពនយោបាយនោះ យល់កាន់តែច្បាស់ថា សព្វថ្ងៃនេះ នយោបាយ និងការដឹកនាំរបស់គណបក្ស ភ្លើងទៀន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្ខពួកនិយម និងញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់សង្គ្រោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ៣ ជំនាន់តែម្តង។
តំណាងមន្ត្រីគណបក្សភ្លើងទៀន ទាំងនោះ បានចាត់ទុកថា កន្លងទៅ ការប្រមាថអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រជាជាតិខ្មែរ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះប្រជាជាតិខ្មែរទាំងមូល ដែលព្រះអង្គ គឺជាព្រះមហាក្សត្រ ប្រកបដោយទសពិធរាជធម៌ មានសីលធម៌ គុណធម៌ដ៏ល្អផូរផង់ ជាម្លប់ដ៏ត្រជាក់ និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិ និងប្រជារាស្ត្រខ្មែរ មិនអនុញ្ញាតឱ្យជនណាម្នាក់ រំលោភបំពាន បានឡើយ៕/V