ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កីឡាករអន្តរជាតិប្រេស៊ីល ដានី អាល់វេស (Dani Alves) ត្រូវបានប៉ូលីសនៅទីក្រុងបាសេឡូណាចាប់ខ្លួន ហើយបញ្ជូនទៅតុលាការដើម្បីសាកសួរបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្នុងក្លិបរាត្រីមួយនៅក្នុងទីក្រុង។
កីឡាករបាល់ទាត់រូបនេះបានសារភាពថាខ្លួនបានទៅលេងនៅក្លិបរាត្រីដ៏ល្បី Sutton កាលពីចុងខែមុន នៅពេលដែលបទល្មើសផ្លូវភេទបានកើតឡើង។
ប៉ុន្តែរូបគេបានការពារភាពគ្មានទោសកំហុសរបស់ខ្លួននៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍អេស្ប៉ាញ បន្ទាប់ពីតុលាការបានបញ្ជាក់ថា ខ្លួនបានបើកការស៊ើបអង្កេតជាផ្លូវការ ដោយលោកអះអាងថា “ខ្ញុំមិនស្គាល់ស្ត្រីនេះជានរណានោះទេ។ ខ្ញុំមិនស្គាល់ឈ្មោះនាង ខ្ញុំមិនស្គាល់នាង ខ្ញុំមិនដែលឃើញនាងទេក្នុងជីវិតរបស់ខ្ញុំ”។
កាលពីថ្ងៃសុក្រទី២០មករា អតីតខ្សែការពារក្រុម Barcelona ដែលបច្ចុប្បន្នលេងជាមួយក្រុមម៉ិកស៊ិក UNAM Pumas ត្រូវបានចាប់ខ្លួននៅទីតាំងដែលមិនបានបញ្ចេញឈ្មោះហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងសង្កាត់ឡេសខត (Les Corts)។
របាយការណ៍ក្នុងស្រុកនានាបាននិយាយថា កីឡាករវ័យ ៣៩ ឆ្នាំ ដែលបានក្លាយជាកីឡាករប្រេស៊ីលចាស់បំផុតលេងក្នុងវើលខាប់កាលពីខែមុន បានរៀបចំការសម្ភាសន៍ជាមួយប៉ូលីសតាមរយៈមេធាវី។
របាយការណ៍ក៏និយាយផងដែរថា រូបគេត្រូវចាប់ខ្លួនហើយផ្ដិតមេដៃជាផ្នែកនៃនីតិវិធីតាមទម្លាប់ មុនពេលត្រូវបានសួរនាំនិងនាំខ្លួនទៅកាន់តុលាការ ដែលកំពុងស៊ើបអង្កេតលើករណីរំលោភផ្លូវភេទ ដើម្បីសាកសួរបន្ថែម៕
អាល់វេសត្រូវប៉ូលីសអេស្ប៉ាញចាប់ខ្លួនកាលពីថ្ងៃសុក្រ