ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ (Camsoc) លោក វ៉ាត់ ចំរើន បានបញ្ជាក់ឲ្យដឹងថាៈ សម្រាប់ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជានឹងប្រើពាក្យ ” គុនខ្មែរ ” ជំនួសពាក្យ ” Muay ” ជាភាសាផ្លូវការ ។
ពាក្យ ” Muay ” កន្លងមក គេប្រើជាផ្លូវការ នៅក្នុងស៊ីហ្គេម ពាក្យ ” Muay ” នេះ ជាសំនៀងភាសាថៃ និងឡាវ តែសម្រាប់ស៊ីហ្គេមនៅកម្ពុជា នឹងត្រូវជំនួស ដោយ ” គុនខ្មែរ ” វិញ។ កម្ពុជា បានជម្រាបទៅគណៈកម្មាធិការអូឡាំពិក នៃបណ្ដាប្រទេសអាស៊ាន រួចហើយ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថាៈ នេះជាការប្រកាសជំហររបស់កម្ពុជា ដែលជា ម្ចាស់ផ្ទះ ដើម្បីកុំឲ្យច្របូកច្របល់ ឬការប្រកាន់របស់ប្រជាជនខ្មែរ ក្នុងការប្រើពាក្យ ” Muay ” ។ កម្ពុជាបានធ្វើលិខិតជាលាយល័ក្ខណ៍អក្សរ ផ្ញើទៅប្រទេសអាស៊ាន រួចហើយ ស្ដីពីការប្រើពាក្យគុនខ្មែរ ” Kun Khmer ” នេះ ។
ស៊ីហ្គេមលើកទី៣២ កម្ពុជា បានកំណត់ ៣៨ ប្រភេទកីឡា។ គុនខ្មែរ ស្ថិតក្នុងចង្កោមប្រភេទកីឡា យុទ្ធគុនចម្រុះ ដែលមានល្បុក្កតោ Arnis គុនដំបងរបស់ហ្វីលីពីន ជីជីតស៊ូ ឃីកបុកស៊ីង វ៉ូវីណាមនិងប្រដាល់គុនខ្មែរ ៕/V