ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ទ្រាំង
នាមសព្ទ
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ; ឥឡូវរួមចូលក្នុង ខែត្រតាកែវ ស្រុកទ្រាំងមាន ២ គឺ ទ្រាំងត្រើយឯជើង, ទ្រាំងត្រើយត្បូងៗ សព្វថ្ងៃនេះជាអាណាខេត្តកូស័ងស៊ីន រាប់បញ្ចូលក្នុងខែត្រមាត់ជ្រូក (ចូដុក ) ។
ឈ្មោះលលកមួយប្រភេទសម្បុររលើប មាត្រតូចជាងលលកធម្មតា, មិនចេះរងាវទេ ចេះតែបូលឬបរសូរញាប់រន្ថាន់
លលកទ្រាំង ។
នាមសព្ទ
ឈ្មោះតចសារព្រឹក្សមួយប្រភេទ (សន្ដានជ្រែ ) មានធាងវែងៗ មានស្លឹកប្រើការបានច្រើនយ៉ាងគឺ ប្រើការចារសាស្ត្រាហៅថា ស្លឹករឹត; ប្រើការដោយយកទ្រនុងស្លឹកវាច្រៀកធ្វើជាកន្លាស់ដោតខ្ទាស់ស្លឹកខ្ចីៗ សៗ គ្របបន្តិចៗលើគ្នាឲ្យបានជាបន្ទះវែងៗ ធំៗ សម្រាប់ប្រក់ឬបាំងហៅថា ភ្ជល់ (មិនជាប់បានយូរប៉ុន្មានទេ); ទោះត្បាញជាការុងឬសំពៀតជាដើមក៏ហៅថា ភ្ជល់ បានដែរ; ប្រើចម្រៀកតូចៗត្បាញធ្វើជាក្ដោងទូកហៅថា ទទត់; ទ្រនុងដែលសកយកស្លឹកចេញហៅថា ទ្រនុងរឹត ឬ ឆ្អឹងរឹត; ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ ឬ ឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល (គ្រឿងតម្បាញ) ជាដើម ហៅថា ទ្រាំងដែរ : ដំបងទ្រាំង, ដាមទ្រាំង, ព័ន្ធមូលទ្រាំង ។ ព. ទ. បុ. ទ្រាំងកំដរខ្មោច គេយកធាងទ្រាំងដែលគេធ្វើជាដាមឬជាព័ន្ធមូលនោះមកចងភ្ជាប់ ឬខ្ទាស់នឹងកាំជណ្ដើរផ្ទះ ដោយគេជឿតាមទម្លាប់ថា ខ្មោចបិសាចខ្លាចទ្រាំង គេការពារមិនឲ្យខ្មោចបិសាចឡើងតាមជណ្ដើរចូលក្នុងផ្ទះបាន ។ មនុស្សដែលខ្ជិលណាស់ឬដែលល្ងង់ទុយមុយពេក ពេលយប់ដេកលក់មិនសូវដែលប្រែខ្លួន បានត្រឹមតែមកដេកកំដរ កុំឲ្យតែខ្លាចខ្មោចបិសាចលងប៉ុណ្ណោះ, គេនិយាយថា ដូចគេយកទ្រាំងមកកំដរខ្មោច ។ ដើមទ្រាំងនេះច្រើនដុះពីគ្រាប់វាក្នុងព្រៃធំៗ ក្នុងប្រទេសកម្ពុជា មានក្នុងខែត្រក្រចេះនិងខែត្រកំពង់ធំច្រើនជាងខែត្រឯទៀត, ជាតចសារព្រឹក្សមានប្រយោជន៍ច្រើន, គេអាចដាំតាមព្រំវត្តអារាមក៏បាន មិនសូវរើសដីប៉ុន្មានទេ, រស់នៅបានយូរឆ្នាំ វែងឆ្ងាយជាងអាយុមនុស្សអ្នកមានអាយុវែង, ប៉ុន្តែលុះដល់កំណត់កាល ក៏បញ្ចេញផ្កាចំត្រង់កំពូលមានផ្លែជាធ្លាយដូចផ្លែចាក, លុះផ្លែទុំហើយ តចសារព្រឹក្សនេះក៏ងាប់, រាប់ថាជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម, សមដូចព្រះពុទ្ធភាសិតថា តចសារជាតិមានឫស្សី, បបុស, ត្រែង, ទ្រាំងជាដើមបញ្ចេញផ្កាផ្លែសម្លាប់ដើមវាយ៉ាងណា, លាភៈសក្ការៈពុំជា សម្លាប់មនុស្សលោភលាមកតក់ម៉ក់អាក្រក់ក្រៃ ក៏មានឧបមេយ្យដូច្នោះដែរ ។
និក្កង្ខា
(និក-ក័ងខា)
នាមសព្ទ
( បា. ) ការគ្មានសេចក្តីសង្ស័យ, ការអស់សេចក្តីងឿងឆ្ងល់
និក្កង្ខារមែងមិនមាននៅក្នុងសន្ដានបុថុជ្ជន ។
និគ្រន្ថ
(—គ្រន់)
នាមសព្ទ
( សំ. និគ៌្រន្ថ; បា. និគ្គណ្ឋ “អ្នកដែលប្រាសចាកកិលេសជាគ្រឿងដោតក្រងឬកិលេសជាគ្រឿងចាក់ស្រេះហើយ…”) បព្វជិតពួកមួយបួសក្រៅពុទ្ធសាសនា ប្រកាន់លទ្ធិថា ខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្ដានឲ្យជ្រះអស់ហើយ ( អចេលកៈ ឬ អាជីវក ) ។
និព្វាន
(និប-ពាន)
នាមសព្ទ
(មកពី សំ. ថា និស៑ “ចេញ, ចេញផុត, ចេញផុតស្រឡះ; អស់, ឥត” + វាន “ជាឈ្មោះតណ្ហាដែលចាក់ស្រេះ, ទាក់ឆ្វាក់, រួបរឹតនៅក្នុងសន្ដានចិត្តសត្វ”, និស៑ > និរិ + វាន > វាណ = និរ៌ាណ; បា. និ + វាន, ដោយអនុលោមតាម សំ. គឺឲ្យមានសំឡេងធ្ងន់ដូច សំ. ដែរ និ + វាន, វ > ព តម្រួត ព > ព្វ = និព្វាន មានអត្ថន័យដូច សំ. ដែរ គឺជាឈ្មោះធម្មជាតឬចិត្តដែលចេញផុតស្រឡះចាក វានៈ គឺឥតមានតណ្ហាដែលចាក់ស្រេះទាក់ឆ្វាក់រួបរឹត, ដោយបរិយាយថា អស់មានកម្មដដែលៗ តទៅទៀតហើយ (សំដៅចំពោះ ខន្ធនិព្វាន របស់ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តខីណាស្រព, ប៉ុន្តែពាក្យ និព្វាន ឬ និវ៌ាណ នេះមានមគ្គ ៤ ផល ៤ ជាសមុទ័យឬជាប្រភពឲ្យកើតបានជា កិលេសនិព្វាន ឬ ក្លេសនិវ៌ាណ
ក៏ពុំទាន់ចេញផុតស្រឡះចាកកម្មដដែលៗនៅឡើយ លុះដល់បញ្ចក្ខន្ធរលត់ហើយ ទើបមានឈ្មោះថា ខន្ធនិព្វាន ឬ ស្កន្ធនិវ៌ាណ អស់មានកម្មដដែលៗតទៅទៀត នៅមានសុទ្ធតែ បរមសុខ ហៅថា ឯកន្តបរមសុខ តែមួយយ៉ាងប៉ុណ្ណោះឯង
និព្វានជាបរមត្ថធម៌ មានអត្ថន័យសុខុមល្អិតហួសវិស័យនៃសាធារណសត្វបុថុជ្ជន បើលុះតែបុថុជ្ជនអ្នកធុញទ្រាន់នឿយណាយរសាយចិត្ត ឃា្លតចាកបុនប្បុនក្កម្ម គឺកម្មដដែលៗ ទើបយល់ឃើញព្រឹលៗ ថាមាននិព្វានពិតមែន… ( ព. វិ. ពុ. ) ។
បុញ្ញ
(បុញ-ញ៉ៈ)
នាមសព្ទ
( បា.; សំ. បុណ្យ ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្តឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ (ម. ព. បុណ្យ) ។ ពាក្យ បុញ្ញ នេះសម្រាប់តែប្រើរៀងខាងដើមពាក្យឯទៀតៗ ដូចជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. ( បា.; សំ. បុណ្យ + កម៌ន៑ ) អំពើដែលជាបុណ្យ (ម. ព. បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។ បុញ្ញកិរិយា (បុញ-ញ៉ៈកិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការធ្វើបុណ្យ, អំពើដែលជាបុណ្យ ។ បុញ្ញកិរិយាវត្ថុ ( បុញ-ញ៉ៈកិរ៉ិយ៉ាវុ័ត-ថុ ) ន. ( បា.; សំ. បុណ្យ + ក្រិយា + វស្តុ ) ទីតាំងឬទីកើតនៃបុណ្យ, កន្លែងដែលនាំឲ្យកើតបានជាបុណ្យជាកុសល; មាន ១០ យ៉ាងគឺ : ១- ទានមយៈ បុណ្យកើតមានព្រោះការឲ្យទាន; ២- សីលមយៈ . . . ព្រោះការរក្សាសីល; ៣- ភាវនាមយៈ . . . ព្រោះការចម្រើនធម៌ដែលគួរចម្រើនឲ្យកើតមានក្នុងចិត្ត; ៤- អបចាយនមយៈ . . . ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥- វេយ្យាវច្ចមយៈ . . . ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦- ធម្មទេសនាមយៈ . . . ព្រោះការសម្ដែងឬពន្យល់ធម៌ឲ្យគេស្ដាប់ ឬបង្រៀនឲ្យគេបានចេះធម៌ផង; ៧- ធម្មស្សវនមយៈ . . . ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨- បត្តិទានមយៈ . . . ព្រោះការឲ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឲ្យទៅអ្នកដទៃ; ៩- បត្ដានុមោទនាមយៈ . . . ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឲ្យមកខ្លួន; ១០-ទិដ្ឋុជុកម្មមយៈ . . . ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឲ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឲ្យកើតមានក្នុងសន្តានចិត្ត ។ បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ + ក្សេត្រ) ស្រែបុណ្យ : ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញកេ្ខត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក ។ បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ ។ បុញ្ញនិធិ (បុញ-ញ៉ៈ—) ន. (បា.; សំ. បុណ្យនិធិ) កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់នៅក្នុងចិត្ត) : បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ ។ បុញ្ញរាសី (បុញ-ញ៉ៈ—) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្តានចិត្ត) : មនុស្សអ្នកមានបុញ្ញរាសី ។ បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យលាភ) ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធនឬអ្វីៗព្រោះបុណ្យឲ្យផល : ចួនជាមកប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ ។ បុញ្ញវន្ដ (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត ; សំ. បុណ្យវត៑) ដែលមានបុណ្យ; អ្នកមានបុណ្យ, អ្នកមានសំណាង; បើស្ត្រីជា បុញ្ញវតី ឬ បុញ្ញវន្តី ។ បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផលនៃបុណ្យ : គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ ។ បុញ្ញសម្បទា (—សាំប៉ៈទា) ន. ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ ។ បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការសន្សំបុណ្យ, ការសាងសន្សំកុសល ។ ច្រើនប្រើសំដៅយកតេជះឬអំណាចបុណ្យស័ក្ដិជាដើម : សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់ ។ ម. ព. សម្ភារ ផង ។ បុញ្ញសិរី ( បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ : មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី ។ បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ : ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ ។ បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឲ្យ ។ បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ ។ បុញ្ញាភិនីហារ (បុញ-ញ៉ា—) ន. (បា.) ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឲ្យសម្រេចសេចក្ដីបានតាមប្រាថ្នា : មនុស្សអ្នកមានបុញ្ញាភិនីហារ ។ បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ឬសភាវៈដែលបុណ្យតាក់តែងឲ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឲ្យមានឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។ បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ ( ម. ព. បុញ្ញានិសង្ស ផង ) ។