ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ប្រាអៀវ
នាមសព្ទ
ត្រីរំឥលមួយប្រភេទ សន្ដានត្រីប្រា, តែខ្លួនតូចរាងទ្រវែង ។
ផ្ទក់
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីរ៉ស់ប៉ុន្តែរូបតូច
ត្រីផ្ទក់ ។
ពុំចេរ
និបាតសព្ទ
( ព. បុ. ) សូមឲ្យតែ, តាមតែ ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ
ខ្ញុំសូមក្រាបលាទៅ ផ្ញើរាជ្យនៅក្សត្រថ្លៃថ្លា ពុំចេរទ្រង់មេត្តា អត់ទោសប្រោសសត្វជាខ្ញុំ ( សាស្ដ្រាភោគកុលកុមារ )។
រីអញខ្ញុំនេះប្រណិប័តន៍តាមសុចរិតតែសព្វថ្ងៃពុំចេរនឹងទ្រង់មេត្តាប្រោសអត់**ទោសអញខ្ញុំមទ្រីក្នុងគ្រានេះម្ដងហោង ( ម. កណ្ឌមទ្រីបព្វៈ ) ។ មួយយ៉ាងទៀត ពុំចេរ ថាពុំដឹង, ពុំចេះ, ពុំស្គាល់ ( ព. កា. )
**ពាក្យ “អត់” ត្រូវបានកែសម្រួលពីពាក្យដើម “អត” ទើបសមស្របតាមបរិបទនេះ។
ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ ទោះដឹងទឹកមាស ពុំចេរនូវថ្ម ទោះដឹងដី-ស ពុំចេរសំបុត្រ ។ ធ្វើស្រែមើលស្មៅ សន្ដានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា ។ ( សាស្ដ្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។
ព្រៀងលាន
នាមសព្ទ
អ្នកដទៃ ឬអ្នកកន្ទៀត ដែលនៅភូមិជាមួយគ្នា រាប់អានគ្នាទុកស្មើញាតិសន្ដាន
ញាតិព្រៀងលាន, សន្ដានព្រៀងលាន ( ហៅថា ញាតិភូមិផង ឬ ញាតិភូមិផងរបងជាមួយ ក៏បាន ) ។
មង្កុភាព
(ម័ង-កុ–)
នាមសព្ទ
( បា. មង្កុ + ភាវ ) ភាពជាអ្នកខ្មូរមុខឬមូរមុខ, ការឱនមុខជ្រប់ដោយអៀនខ្មាស, ដំណើរអឹមអៀមអៀនប្រៀន, ដំណើរមិនអង់អាច
កុំគប្បីធ្វើទម្លាប់ខ្លួនឲ្យមានមង្កុភាពក្នុងសន្ដាន ( បារ. Timidité ) ។