ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រធានាធិបតីប្រេស៊ីលលោកល្វីស៍ ស៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva)បានបណ្តេញមេទ័ពរបស់ប្រទេស ឧត្តមសេនីយ៍ សេសា ដឺ អារូដា(Cesar de Arruda)បន្ទាប់ពីពួកអ្នកគាំទ្រប្រធានាធិបតីមុន បានធ្វើកុបកម្មដោយសំរុកចូលវិមានប្រធានាធិបតី តុលាការកំពូលនិងសភាកាលពីសប្តាហ៍មុន។
ឧត្តមសេនីយ៍ អារូដា បានចូលកាន់តំណែងនេះកាលពីថ្ងៃ៣០ធ្នូ ២០២២ នៅពីរថ្ងៃគត់ក្រោយការបញ្ចប់អាណត្តិរបស់ប្រធានាធិបតី បុលសូណារ៉ូ(Bolsonaro)។
ចំណាត់ការបណ្តេញមេទ័ពនេះកើតឡើងក្រោយលោកលូឡាបណ្តេញចេញទាហានជាច្រើនចេញពីក្រុមសន្តិសុខរបស់លោកបន្ទាប់ពីកើតមានចលាចល។លោកលូឡាបាននិយាយថា លោកសង្ស័យកងកម្លាំងសន្តិសុខជាប់ពាក់ព័ន្ធក្នុងកុបកម្មដែលនាំដល់ការចាប់ខ្លួនមនុស្សជាង២.០០០នាក់។
រំលឹកថាកាលពីថ្ងៃ៨មករា ពួកអ្នកគាំទ្រលោកបុលសូណារ៉ូបានចូលរុះរើវាយបំផ្លាញវិមានប្រធានាធិបតី តុលាការកំពូលនិងសភានៅក្រុងទីក្រុងប្រាស៊ីលីយ៉ា(Brasilia)ដោយវាយបំបែកកញ្ចក់បង្អួចបំផ្លាញគ្រឿងសង្ហារឹម វត្ថុសិល្បៈនិងគូសសញ្ញាក្រវេមក្រវាមរួមជាមួយសារអំពាវនាវអោយធ្វើរដ្ឋប្រហារយោធា។
មេដឹកនាំឆ្វេងនិយមល្វីស៍ ស៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា បានប្រកាសធ្វើការរុះរើកងកម្លាំងសន្តិសុខនៅជុំវិញលោកក្រោយផ្ទុះកុបកម្មចូលវិមានប្រធានាធិបតីកាលពីសប្តាហ៍មុន
ក្រោយកិច្ចប្រជុំជាមួយប្រធានាធិបតីនិងពួកមេទ័ពកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិ ហ្សូស មូស្យូ(Jose Mucio)បាននិយាយថា កងកម្លាំងប្រដាប់អាវុធ«មិនជាប់ពាក់ព័ន្ធផ្ទាល់នឹងកុបកម្មនេះទេ និងថាបើមានសមាសភាពទាហានចូលរួម គេគ្រាន់តែជាពលរដ្ឋប្រេស៊ីល»។
ពួកអ្នកវិភាគនិយាយថា ទំនាក់ទំនងរបស់លោកប្រធានាធិបតីជាមួយកងទ័ពនឹងជាការប្រឈមបន្ទាន់ធំបំផុត ដោយសារតែវត្តមានយោធាដ៏រឹងមាំក្នុងរដ្ឋាភិបាលមុន។
តែកាលពីថ្ងៃពុធ មេទ័ពជាន់ខ្ពស់ម្នាក់បាននិយាយថា យោធានឹងបន្តធានាលទ្ធិប្រជាធិបតេយ្យនិងថាលទ្ធផលឆ្នោតដែលលោកលូឡា ឈ្នះលោក បុលសូណារ៉ូ គួរទទួលយក៕
ពួកអ្នកគាំទ្រប្រធានាធិបតីចាញ់ឆ្នោតធ្វើបាតុកម្មប្រឆាំងលោកលូឡា និងសំរុកចូលវិមានប្រធានាធិបតី សភានិងតុលាការកំពូលកាលពីថ្ងៃ៨មករា