ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើទស្សនកិច្ចការងារ នៅទីស្នាក់ការសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដើម្បីជួបប្រជុំពិភាក្សាការងារ ជាមួយមន្ត្រី នៃសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) និងធ្វើទស្សនកិច្ច ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលរបស់ សហព័ន្ធ UCI ។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នេះ បានឲ្យដឹង ថាៈ ក្នុងដំណើរទស្សនកិច្ច នៅក្រុងអៃហ្គល ប្រទេសស្វីស លោករដ្ឋមន្ត្រី បានជម្រាបជូន ពីកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធខ្មែរ និងសហព័ន្ធកីឡាទោចក្រ យានអន្តរជាតិ នូវការងារមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ របស់សហព័ន្ធខ្មែរ គម្រោងជំនួយជាសម្ភារៈ មានដូចជា សម្លៀកបំពាក់ និងកង់គួក ព្រមទាំងកង់ភ្នំ សម្រាប់កីឡាករហ្វឹកហាត់ និងគម្រោងជំនួយពិសេស សម្រាប់ការ ផ្សព្វផ្សាយ យុទ្ធនាការ “ប្រជាជនម្នាក់ កង់មួយគ្រឿង” ឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅខេត្តកែប។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់កីឡាករ ទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួត នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ខាងមុខនេះ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាៈ ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រីក៏បានអញ្ជើញ ប្រធានសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ចូលរួមទស្សនាព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ដោយផ្ទាល់ នៅកម្ពុជា ព្រមទាំងស្នើសុំជំនួយបន្ថែមពី សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដូចជាការបណ្ដុះបណ្ដាល ឧបករណ៍ និងសម្ភារៈ សម្រាប់រៀបចំការប្រកួត ក៏ដូចជា សម្ភារៈកីឡាករ ដូចជា កង់ និងសម្ភារៈផ្សេងៗ មួយចំនួនទៀត ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ កីឡាទោចក្រយាន នៅកម្ពុជា ឱ្យរឹតតែរីកចម្រើនបន្ថែមទៀត៕/V
លោក ប៉ាន សូរស័ក្តិ ក្នុងដំណើរទស្សនកិច្ច នៅសហព័ន្ធកីឡា ទោចក្រយានអន្តរជាតិ ប្រទេសស្វីស (រូបភាព៖ ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)