ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖អាគារមួយបានបាក់កាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងអាឡេបប៉ូ(Aleppo)របស់ស៊ីរី ដោយសម្លាប់មនុស្ស១៦នាក់រួមមានកូនក្មេង នេះបើតាមការអោយដឹងពីអាជ្ញាធរនិងសារព័ត៌មាន។
សូមបញ្ជាក់ថា អាគារភាគច្រើនក្នុងទីក្រុងអាឡេបប៉ូត្រូវបានបំផ្លាញក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធដែលបានចាប់ផ្តើមកាលពី១២ឆ្នាំមុននិងបន្សល់ទុកអាគារមិនមាំទាំមួយចំនួន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋSANAបាននិយាយថា«ចំនួនជនរងគ្រោះដល់ជីវិតពីការបាក់អាគារមនុស្សរស់នៅ..បានកើនដល់១៦នាក់»។
ក្រសួងមហាផ្ទៃបាននិយាយថា មនុស្សតែម្នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអាគារកំពស់ប្រាំជាន់ដែលមានមនុស្សប្រាំពីរគ្រួសាររស់នៅ។
រូបវីដេអូបញ្ចាំងនៅក្នុងទូរទស្សន៍រដ្ឋបានបង្ហាញបុគ្គលិកជួយសង្គ្រោះរាប់សិបនាក់នៅកន្លែងកើតហេតុ ដោយខ្លះប្រើដៃទទេដើម្បីរើកាយគំនរថ្មរួមជាមួយនឹងត្រាក់ទ័រចូកកាយអេស្កាវ៉ាទ័រ។
ទីភ្នាក់ងារសារព័ត៌មានSANAបានស្រង់ប្រភពប៉ូលីសដែលបាននិយាយថា អាគារនៅសង្កាត់សេក ម៉ាក់សូត(Sheikh Maksoud)នេះបានរលំដោយសារជ្រាបទឹកនៅគ្រឹះក្រោមដី។
រំលឹកថា កាលពីខែកញ្ញាឆ្នាំមុន អាគារមួយក៏បានបាក់នៅក្រុងអាឡេបប៉ូដោយសម្លាប់មនុស្សដប់នាក់បន្ទាប់ពីមនុស្ស១១នាក់បានស្លាប់ក្នុងការបាក់ប្លុកផ្ទះល្វែងមួយនៅក្នុងទីក្រុងដដែលកាលពីឆ្នាំ២០១៩៕