ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាជ្ញាធររដ្ឋល្វីសៀណា (Louisiana)សហរដ្ឋអាម៉េរិក បាននិយាយកាលពីថ្ងៃអាទិត្យទី២២មករាថាមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅក្លិបរាត្រីមួយនៅទីក្រុងបាតុនរូ (Baton Rouge)។
ប៉ូលីសបាននិយាយថា ជនរងគ្រោះម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គ្មានការចាប់ខ្លួនត្រូវបានធ្វើឡើងទេ ប៉ុន្តែប៉ូលីសជឿថា ការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃអាទិត្យគឺត្រូវបានកំណត់ “គោលដៅ” ទុកជាមុន។
មេប៉ូលីសក្រុងបាតុនរូ លោក មឺហ្វី ផូល (Murphy Paul) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃអាទិត្យថា “ផ្អែកលើកិច្ចខិតខំប្រឹងប្រែងស៊ើបអង្កេតបឋម នេះមិនមែនជាអំពើហិង្សាចៃដន្យនោះទេ។ យើងជឿថានេះជាព្រឹត្តិការណ៍ដែលគេដាក់គោលដៅជាមុនលើនរណាម្នាក់ ហើយអ្នកផ្សេងទៀតបានរងរបួសនៅក្នុងដំណើរការនោះ”។
មន្ត្រីប៉ូលីសក្រុងបាតុនរូបីនាក់បានស្ថិតនៅក្បែរនោះ នៅពេលដែលការបាញ់ប្រហារបានកើតឡើងនៅម៉ោងប្រហែល ១៖៣០ ព្រឹក ហើយបានឆ្លើយតបភ្លាមទៅកាន់ក្លិបរាត្រី Dior Bar & Lounge ។ ពួកគេបានធ្វើសកម្មភាពសង្គ្រោះជីវិតរហូតដល់អ្នកបច្ចេកទេសពេទ្យសង្គ្រោះបន្ទាន់មកដល់។
លោកផូលបាននិយាយថា “យើងជឿថា ការឆ្លើយតបភ្លាមៗរបស់ពួកគេបានរារាំងការរងរបួសបន្ថែមទៀត”។
ទោះបីជាប៉ូលីសមានតម្រុយខ្លះក៏ដោយ ក៏លោកផូលនៅតែជំរុញអ្នកផ្សេងទៀតដែលមានព័ត៌មានអំពីការបាញ់ប្រហារឱ្យចេញមកផ្តល់ដំណឹង៕
ក្លិបរាត្រី Dior Bar & Lounge ជាកន្លែងបាញ់បោះកាលពីព្រឹកទៀបភ្លឺថ្ងៃអាទិត្យ