ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនជំទាស់ទេ បើសិនជាប៉ូឡូញចង់បញ្ជូនរថក្រោះLeopard 2 របស់ខ្លួនទៅអោយអ៊ុយក្រែន ។
វាទំនងជាការទម្លុះទម្លាយភាពទាល់ច្រកមួយសំរាប់រដ្ឋាភិបាលទីក្រុងគៀវដែលចង់បានរថក្រោះប្រយុទ្ធLeopard 2សំរាប់សង្គ្រាមទល់នឹងរុស្ស៊ីបន្ទាប់ពីសម្ពន្ធមិត្តអឺរ៉ុបគាបសង្កត់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងអោយបញ្ជូនរថក្រោះផលិតនៅអាល្លឺម៉ងធុននេះទៅអោយកងកម្លាំងអ៊ុយក្រែន។
សូមបញ្ជាក់ថា អស់ពេលជាច្រើនខែមកហើយពួកមន្ត្រីអ៊ុយក្រែនបានអំពាវនាវអោយសម្ពន្ធមិត្តលោកខាងលិចផ្តល់អោយខ្លួននូវរថក្រោះទំនើបផលិតនៅអាល្លឺម៉ង់ តែរដ្ឋាភិបាលទីក្រុងប៊ែរឡាំងមិនព្រមបញ្ជូនទៅអោយ ឬក៏មិនអនុញ្ញាតអោយប្រទេសជាសមាជិកអង្គការណាតូដែលប្រើរថក្រោះប្រភេទនេះបញ្ជូនរថក្រោះរបស់គេទៅអោយកងកម្លាំងអ៊ុយក្រែនទេ។
នៅពេលត្រូវបានសួរថាតើនឹងមានអ្វីកើតឡើងបើសិនជាប្រទេសប៉ូឡូញបញ្ជូនរថក្រោះLeopard 2របស់ខ្លួនទៅអោយអ៊ុយក្រែនដោយគ្មានការយល់ព្រមពីអាល្លឺម៉ង់ លោកស្រីរដ្ឋមន្ត្រីអានណាឡេណាប៊ែរបុក(Annalena Baerbock)បាននិយាយក្នុងទូរទស្សន៍បារាំងមួយថា«មកទល់ពេលនេះ សំណួរបែបនេះមិនត្រូវបានសួរនៅឡើយទេ តែបើសួរទៅហើយ យើងសុំបញ្ជាក់ថាយើងនឹងមិនឈរពាំងផ្លូវទេ»។
រដ្ឋមន្ត្រីការបរទេស(ស្តាំមុខ) ការពារជាតិនិងអធិកាបតីអាល្លឺម៉ង់ ចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខរួមបារាំង-អាល្លឺម៉ង់នៅក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ
សម្តីរបស់លោកស្រីទំនងជាកាន់តែខ្លាំងជាងការលើកឡើងរបស់អធិកាបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល( Olaf Scholz)នៅជំនួបកំពូលមួយនៅក្រុងប៉ារីសកាលពីថ្ងៃអាទិត្យដែលថា រាល់ការសំរេចចិត្តទាំងអស់ស្តីពីការប្រគល់គ្រឿងសព្វាវុធនឹងត្រូវមានការសម្របសម្រួលគ្នាជាមួយសម្ពន្ធមិត្ត រួមមានសហរដ្ឋអាម៉េរិក។
អាល្លឺម៉ង់បានស្ថិតក្រោមសម្ពាធជាខ្លាំងអោយជួយឬអនុញ្ញាតអោយប្រទេសដទៃទៀតបញ្ជូនរថក្រោះLeopards ទៅអោយអ៊ុយក្រែន។តែគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្កូក ជាទម្លាប់មិនចូលចិត្តចូលពាក់ព័ន្ធផ្នែកយោធានិងមានការប្រយ័ត្នប្រយែងអំពីចំណាត់ការភ្លាមៗណាមួយដែលអាចបណ្តាលអោយរដ្ឋាភិបាលទីក្រុងមូស្គូកាន់តែបង្កាត់ភ្លើងសង្គ្រាមបន្ថែម។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា លោករំពឹងថានឹងមានការសំរេចចិត្តមួយក្នុងពេលឆាប់ៗអំពីរថក្រោះខ្លារខិនរបស់អាល្លឺម៉ង់នេះ៕
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គី កាលពីថ្ងៃអាទិត្យបានអំពាវនាវជាថ្មីអោយសម្ពន្ធមិត្តផ្តល់រថក្រោះប្រយុទ្ធ
ប៉ូឡូញសំរេចបញ្ជូនរថក្រោះ Leopard 2អោយអ៊ុយក្រែន