ដោយៈ ញ៉ែម សុផល / ភ្នំពេញៈ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានគន្លង អាទិភាព ពីរប្រភេទ ដែលបងប្អូនអាច បញ្ជូលសមតុល្យជាមុន ទៅក្នុងផ្លាកលេខយានយន្ត ហើយចេញចូល ដោយមិនរង់ចាំយូរ។ ការកាត់សមតុល្យ នឹងធ្វើឡើងដោយស្វ័យប្រវត្តិ នៅពេល ចេញចូលផ្លូវល្បឿនលឿន។

តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាៈ
-គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូល ដោយស្វ័យប្រវត្តិ នៅខាងឆ្វេងបង្អស់ ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់ លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ ដោយក្រសួង និងបញ្ចូលសមតុល្យ តាមផ្លាកលេខ មុននឹងប្រើប្រាស់។

-គន្លង ANPR ជាច្រកអាទិភាព ក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នក គ្រាន់តែបញ្ចូលសមតុល្យ តាមផ្លាកលេខជាមុន និងចេញចូលគន្លង ដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឲ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នក គ្រាន់តែបញ្ចូលសមតុល្យ ទៅក្នុងផ្លាកលេខ ជាការស្រេច។

ដើម្បីបញ្ចូលសមតុល្យ ទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន បងប្អូនអាចធ្វើឡើង តាមរយៈកម្មវិធីធនាគារ ក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៧ ដូចជា ធនាគារជីបម៉ុង (Chip Mong Bank) ធនាគារអេស៊ីលីដា (ACLEDA Bank) ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank) ធនាគារកាណាឌីយ៉ា (Canadia Bank) និង លីហួរវេរលុយ (LyHour PayPro)។ សូមចូលទៅកាន់វែបសាយ ដែលភ្ជាប់ទៅកាន់ធនាគា ​ដែលអាច បញ្ចូលប្រាក់ តាមផ្លាកលេខ សម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿន បានតាម https://ew.mpwt.gov.kh ។

លោកអ្នកអាចពិនិត្យសមតុល្យទឹកប្រាក់ ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាត សម្រាប់ទោចក្រយានយន្ត៕ V / N