ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វាពេលដ៏រីករាយជាមួយនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុងម៉ុនធឺរ៉េ ផាក (Monterey Park)ចាប់តាំងពីមុនពេលជំងឺរាតត្បាត ដោយហ្វូងមនុស្សយ៉ាងច្រើនកោះករសម្រុកដើរពេញផ្លូវក្នុងទីក្រុងអាម៉េរិកដែលសម្បូរចិនរស់នៅមួយនេះនៅជិតទីក្រុងឡូសអ៊ែនជើឡេស សម្រាប់ការកម្សាន្តបន្តផ្ទាល់ ការដង្ហែក្បួនខានីវ៉ល និងការបង្ហាញអាហារជាច្រើនមុខ។
ប៉ុន្តែការប្រារព្ធពិធីត្រូវបានរំខានដោយសោកនាដកម្មកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានចូលទៅក្នុងសាលរាំរែកក្នុងបារ ហើយបាញ់ប្រហារស្លាប់មនុស្ស១០នាក់ របួស ១០ នាក់ទៀត និងធ្វើឱ្យមនុស្សម្នាភ័យរត់ប្រសាចពេញផ្លូវ។
ការបាញ់ប្រហារដែលបណ្តាលឱ្យស្លាប់ប្រុស៥ស្រី៥បាននាំមកនូវការបញ្ចប់ពិធីជប់លៀងដែលបានគ្រោងទុករយៈពេលពីរថ្ងៃក្នុងឱកាសចូលឆ្នាំទន្សាយ(ថោះ)ដែលមានអ្នកឡកម៉ុងសាយតាមដងផ្លូវដែលតុបតែងដោយគោមក្រហម។
ពិធីនានានៅថ្ងៃអាទិត្យត្រូវបានលុបចោល ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីបានបន្តធ្វើនៅទីក្រុងជិតខាង ដែលជាលំនៅរបស់ប្រជាជនអាម៉េរិកដើមកំណើតអាស៊ីដ៏ធំក៏ដោយ។
អភិបាលក្រុង លោក ប្រូ តឹម យ៉ូសេ សាន់ឆេស (Pro Tem Jose Sanchez) ដែលនៅទីនោះជាមួយកូនស្រីអាយុ ៦ ឆ្នាំរបស់គាត់ដែរនោះ បាននិយាយថា”យើងមិនមានការប្រារព្ធពិធីបែបនេះអស់រយៈពេលបីឆ្នាំមកហើយដោយសារជំងឺឆ្លង ដូច្នេះនេះគឺជាពេលវេលាដ៏សំខាន់។ មនុស្សសម្រុកចេញមកយ៉ាងច្រើន”។ លោកបានប៉ាន់ប្រមាណថាមានមនុស្សចំនួន ១០០.០០០នាក់ចូលរួមកាលពីថ្ងៃសៅរ៍ ហើយពិធីបុណ្យនេះជាធម្មតាជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដ៏ធំបំផុតនៅក្នុងរដ្ឋ។
ការសម្លាប់រង្គាលនេះបានបញ្ជូនរលកតក់ស្លុតទូទាំងសហគមន៍ជនជាតិអាម៉េរិកាំងដើមកំណើតអាស៊ីនៅជុំវិញប្រទេសដោយជំរុញឱ្យប៉ូលិសពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរហូតដល់ទីក្រុងញូវយ៉កបង្កើនការល្បាតនៅឯពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុងរបស់ពួកគេ៕
សមាជិកសភាបក្សសាធារណរដ្ឋ លោកស្រី ជូឌី ជូ (ឆ្វេង) ថ្លែងទៅកាន់សារព័ត៌មានជាមួយមេប៉ូលិសក្រុងឡូសអ៊ែនជើឡេស ក្រោយការសម្លាប់រង្គាលនៅទីក្រុងម៉ុនធឺរ៉េ ផាក