បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​មនុស្ស​១៣​នាក់​នៅ​កន្លែង​ជួបជុំ​ឃោសនាបោះឆ្នោត​នៅ​ប៉ា​គី​ស្ថាន​

841
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កន្លែង​ជួបជុំ​ឃោសនាបោះឆ្នោត​មួយ​បានសម្លាប់​មនុស្ស​យ៉ាងតិច ១៣ នាក់ ដោយ​រួមទាំង​អ្នកនយោបាយ​ម្នាក់ និង​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥៤​នាក់​រងរបួស នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ភាគ​ពាយព្យ កាលពី​ថ្ងៃ​អង្គារ ទី​១០ កក្កដា ចំពេល​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​មុន​ការបោះឆ្នោតជាតិ​នៅ​ចុងខែ​នេះ​។​

​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ បាន​សំដៅលើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មួយ ដែល​រៀបចំឡើង​នៅ​ទីក្រុង​ប៉េ​សាវ៉ា ដោយ​គណបក្ស​ជាតិ​អាវ៉ា​មី (Awami National) ដែល​ត្រូវបាន​សំដៅ​វាយប្រហារ ដោយ​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​កាលពី​អតីតកាល​ជុំវិញ​ការនិយាយ ប្រឆាំង​ខ្លាំង​របស់ខ្លួន​ទៅលើ​ក្រុម​ជ្រុលនិយម ដូចជា​ក្រុម​តា​លី​បង់ ជាដើម​។​

​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អ្នកនាំពាក្យ​យោធា​ប៉ា​គី​ស្ថាន​បាន​និយាយថា​
​មានការ​គំរាមកំហែង​សន្តិសុខ​នៅមុន​ពេល​ការបោះឆ្នោតជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។​

​លោក​ហា​រូ​ន ប៊ី​លួ ដែល​បាន​ស្លាប់​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​ច្រើន​នាក់​របស់​គណបក្ស​ជាតិ​អាវ៉ា​មី​។ ប៉ូលិស​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​បាន​បំផ្ទុះ​គ្រាប់បែក នៅពេលដែល​លោក ហា​រូ​ន ប៊ី​លួ បាន​បម្រុង​នឹង​ចាប់ផ្តើម​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ប្រហែល​២០០​នាក់​នៅ​កន្លែង​ជួបជុំ​នោះ​។​

​មិនមាន​នរណាម្នាក់​បាន​ប្រកាស​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ ការវាយប្រហារ​ជាច្រើន កាលពី​ពេលមុនៗ ត្រូវបាន​ប្រកាស​ទទួល​ខុសត្រូវ​ដោយ​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​និង​ក្រុម​សម្ព័ន្ធភាព​របស់​ពួកគេ​៕ ដោយ៖ សុខា

ការ​បំផ្ទុះ​គ្រាប់បែក​នេះ សម្លាប់​មនុស្ស​១៣​នាក់​និង​របួស​៥៤​នាក់​កាលពី​ថ្ងៃ​អង្គារ នៅ​កន្លែង​ជួបជុំ​ឃោសនាបោះឆ្នោត​នៅ​នៅ​ទីក្រុង​ប៉េ​សាវ៉ា ប្រទេស​ប៉ា​គី​ស្ថាន

ទីតាំងផ្សាយពាណិជ្ជកម្ម