ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ លោក បូរីស ចនសុន បានធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅប្រទេសអ៊ុយក្រែន ដោយនិយាយថា វាជា “ឯកសិទ្ធិ” ដែលបានទៅទីនោះដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រទេសដែលហែកហួរដោយសង្គ្រាម។
អតីតនាយករដ្ឋមន្ត្រី ដែលកំពុងប្រឈមមុខនឹងសំណួរថ្មីៗទាក់ទងនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់ បាននិយាយថា ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គីបានអញ្ជើញគាត់ឱ្យធ្វើដំណើរទៅកាន់ទីក្រុងគៀវម្តងទៀត។
វិមានរដ្ឋាភិបាលអង់គ្លេសបានចង្អុលបង្ហាញថា លោក រីស៊ី ស៊ូណាក់ គឺជា “អ្នកគាំទ្រ” ដំណើរទស្សនកិច្ចរបស់អ្នកកាន់តំណែងមុនរបស់គាត់បន្ទាប់ពីមានការអះអាងនានាថាវាអាចបំផ្លាញសិទ្ធិអំណាចរបស់នាយករដ្ឋមន្ត្រី។
វីដេអូបានបង្ហាញលោកចនសុនបានជួបប្រធានាធិបតីអ៊ុយក្រែន ដោយចាប់ដៃយ៉ាងកក់ក្តៅ ហើយប្រាប់លោកថា “វាជាកិត្តិយសណាស់ដែលបានមកទីនេះម្ដងទៀត”។
លោកហ្សេលេនស្គីបានឆ្លើយតបថា “ជាកិត្តិយសណាស់សម្រាប់ពួកយើង”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកចនសុនបាននិយាយថា “វាជាឯកសិទ្ធិមួយដែលបានធ្វើទស្សនកិច្ចអ៊ុយក្រែនតាមការអញ្ជើញរបស់ប្រធានាធិបតីហ្សេលេនស្គី”។
“ការរងទុក្ខរបស់ប្រជាជនអ៊ុយក្រែនបានបន្តយូរពេកហើយ”។
“មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់សង្គ្រាមនេះគឺត្រូវឱ្យអ៊ុយក្រែនឈ្នះ និងឈ្នះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។នេះគឺជាពេលវេលាត្រូវបង្កើននិងផ្តល់ឱ្យអ៊ុយក្រែនទ្វេដងនូវឧបករណ៍ទាំងអស់ដែលពួកគេត្រូវការដើម្បីបញ្ចប់ការងារនេះ”។
“ពូទីនបរាជ័យកាន់តែឆាប់ វាកាន់តែល្អប្រសើរសម្រាប់អ៊ុយក្រែននិងពិភពលោកទាំងមូល”។
អ្នកនាំពាក្យរបស់លោកចនសុនបានបន្ថែមថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសស្តីពីអ៊ុយក្រែនរួមទាំងការសម្រេចចិត្តនាពេលថ្មីៗនេះក្នុងការបញ្ជូនរថក្រោះ Challenger 2ផងដែរ។
ពួកគេបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកបានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន៕
លោកចនសុនជួបលោកហ្សេលេនស្គីនៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ